(កៀវ)៖ កាលពីថ្ងៃសុក្រ ទី២៣ ខែឧសភា អ៊ុយក្រែនបាននិយាយថា ខ្លួនបានបើកការស៉ើបអង្កេតលើការសង្ស័យសម្លាប់ អ្នកទោសសង្រ្គាមសរុបចំនួន២៦៨នាក់ ក្រោមស្នាដៃរបស់កងទ័ពរុស្ស៉ី គិតចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូ កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីក្រុងកៀវបានចោទប្រកាន់ទីក្រុងមូស្គូជាយូរមកហើយ អំពីការសម្លាប់ឈ្លើយសឹក ក្នុងនោះរួមមានទាំងទាហានដែលបានរងរបួស ឬដែលបានទម្លាក់អាវុធសុំចុះចាញ់ នៅលើសមរភូមិ។ អ៊ុយក្រែនបានអំពាវនាវយ៉ាងទទូច ឱ្យតុលាការអន្តរជាតិស៉ើបអង្កេតលើ​ថ្នាក់ដឹកនាំ ក៏ដូចជាមេបញ្ជាការយោធារុស្ស៉ី ពីបទសង្ស័យប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម។

កាលពីខែកុម្ភៈ ឆ្នាំនេះ បេសកកម្មអង្គការសហប្រជាជាតិ (UN) នៅអ៊ុយក្រែន បាននិយាយថា ខ្លួនបានកត់ត្រាការកើនឡើងខ្ពស់​នៃសេចក្តីរាយការណ៍ អំពីការសម្លាប់ទាហានអ៊ុយក្រែន ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងរុស្ស៉ី គឺ៧៩ករណី ចាប់តាំងពីចុងខែសីហា ឆ្នាំ២០២៤។ បើយោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ របស់អគ្គរដ្ឋអាជ្ញាអ៊ុយក្រែនវិញនោះ ក្នុងចំណោមឈ្លើយសឹកអ៊ុយក្រែនទាំង២៦៨នាក់ខាងលើ គឺ៥៧ករណី មកពីឆ្នាំ២០២២ ១១ករណីមកពីឆ្នាំ២០២៣ ១៤៩ករណីមកពីឆ្នាំ២០២៤ និង៥១ករណី ក្នុងឆ្នាំ២០២៥ គិតត្រឹមពេលនេះ។

គួរបញ្ជាក់ថា វិមានក្រឹមឡាំងបានបដិសេធការចោទប្រកាន់ ដែលថាខ្លួនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ហើយជាច្រើនលើកច្រើនសាក៏បានចោទមកអ៊ុយក្រែនវិញ អំពីការសម្លាប់ទាហានរុស្ស៉ីដែលត្រូវបានចាប់ខ្លួនផងដែរ។ ដោយឡែក UN បាននិយាយថា ឈ្លើយសឹកនៃភាគីទាំងសងខាងក្នុងសង្រ្គាម គឺសុទ្ធតែទទួលរងការធ្វើបាប និងការធ្វើទារុណកម្ម ដូចគ្នា៕