(ដាក្កា)៖ លោក Muhammad Yunus ដែលជាមេដឹកនាំបណ្ដោះអាសន្ននៅបង់ក្លាដែស នឹងជួបសមភាគីដ៏មានឥទ្ធិពលក្នុងប្រទេស ដែលបាននិងកំពុងដាក់សម្ពាធមកលើរដ្ឋាភិបាលរបស់លោក ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសោរ៍ ទី២៤ ខែឧសភា ឆ្នាំ ២០២៥។
លោក Yunus អាយុ ៨៤ឆ្នាំ ដែលដឹកនាំរដ្ឋាភិបាលចាំផ្ទះក្នុងនាមជាប្រធានទីប្រឹក្សារហូតដល់មានការបោះឆ្នោតសកល បានអំពាវនាវឱ្យគណបក្សនយោបាយគូប្រជែងដែលកំពុងចង់បានអំណាច ផ្តល់ការគាំទ្រពេញលេញចំពោះរូបលោក។ តាមអ្នកនាំពាក្យរបស់លោក លោក Yunus នឹងជួបជាមួយមេដឹកនាំនៃគណបក្សជាតិនិយមបង់ក្លាដែស (BNP) និងមេដឹកនាំនៃគណបក្ស Jamaat-e-Islami ដែលជាគណបក្សឥស្លាមនិយមដ៏ធំបំផុតរបស់បង់ក្លាដែស។
គួរបញ្ជាក់ថា ប្រទេសអាស៉ីខាងត្បូងដែលមានប្រជាជនប្រហែល ១៧០លាននាក់នេះ បានស្ថិតក្នុងភាពចលាចលនយោបាយចាប់តាំងពីអតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina ភៀសខ្លួនចេញពីប្រទេស។ នៅសប្តាហ៍នេះមានការតវ៉ានៅតាមដងផ្លូវ នៃរដ្ឋធានី Dhaka ពីសំណាក់ភាគីគូប្រជែង ជាមួយនិងការទាមទារច្រេីនចំណុច៕