(ហ្គាហ្សា)៖ ការវាយប្រហារដោយយោធាអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ២៣នាក់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដែលក្នុងនោះរួមមានអ្នកកាសែតក្នុងស្រុកម្នាក់ និងមន្ត្រីជាន់ខ្ពស់នៃសេវាសង្គ្រោះបន្ទាន់ស៊ីវិលម្នាក់ផងដែរ។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥។

ក្រុមគ្រូពេទ្យបានរាយការណ៍ថា ការស្លាប់ចុងក្រោយនេះ បណ្តាលមកពីការវាយប្រហារដាច់ដោយឡែកពីគ្នានៅទីក្រុង Khan Younis, ទីក្រុង Jabalia, និងទីក្រុង Nuseirat កណ្តាលហ្គាហ្សា។ នៅ Jabalia អ្នកកាសែតក្នុងស្រុក លោក Hassan Majdi Abu Warda និងសមាជិកគ្រួសារមួយចំនួនបានស្លាប់ក្នុងគេហដ្ឋានដោយការវាយប្រហារតាមអាកាស។ នៅ Nuseirat ការវាយប្រហារមួយទៀតបានសម្លាប់លោក Ashraf Abu Nar មន្ត្រីជាន់ខ្ពស់សេវាសង្គ្រោះបន្ទាន់ស៊ីវិល និងភរិយារបស់លោកនៅក្នុងផ្ទះរបស់ពួកគេ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយថា ការស្លាប់របស់លោក Abu Warda បានធ្វើឲ្យចំនួនអ្នកកាសែតប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កើនដល់ ២២០នាក់។ ការិយាល័យនេះក៏បានអះអាងដែរថា កងកម្លាំងអ៊ីស្រាអែលបានគ្រប់គ្រង ៧៧% នៃតំបន់ហ្គាហ្សាស្ទ្រីប តាមរយៈកងទ័ពជើងគោក ឬការបញ្ជាឲ្យជម្លៀស និងការទម្លាក់គ្រាប់បែក។

ទន្ទឹមនឹងនេះ ស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាម បានប្រកាសកាលពីថ្ងៃអាទិត្យថា អ្នកប្រយុទ្ធរបស់ពួកគេបានធ្វើការវាយឆ្មក់ និងវាយប្រហារជាច្រើនលើកដោយប្រើគ្រាប់បែក និងគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ សំដៅលើកងកម្លាំងអ៊ីស្រាអែលនៅក្នុងតំបន់ជាច្រើន។ កាលពីថ្ងៃសុក្រ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅ ៧៥កន្លែងនៅហ្គាហ្សា រួមទាំងឃ្លាំងអាវុធ។

គួរបញ្ជាក់ថា ការបន្តវាយប្រហារ និងចំនួនអ្នកស្លាប់ដែលកើនឡើង កើតឡើងចំពេលដែលកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីឈានទៅដល់បទឈប់បាញ់ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់៕