(គូឡាឡាំពួ)៖ បណ្ដាមេដឹកនាំអាស៊ាននឹងព្យាយាមសាជាថ្មីម្ដងទៀត នៅពេលដែលពួកគេជួបគ្នានៅថ្ងៃចន្ទ ទី២៦ ខែឧសភា ដើម្បីជំរុញឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាត្រឡប់មករក កិច្ចចរចាបិទបញ្ចប់សង្រ្គាមស៊ីវិល ហើយនឹងប្រឹងប្រែងផងដែរក្នុងការស្វែងរកមធ្យោបាយដោះស្រាយបញ្ហាបង្កឡើងដោយស្ថានការណ៍មិនច្បាស់លាស់នៃពាណិជ្ជកម្មពិភពលោក នៅចំពោះមុខការគំរាមយកពន្ធគយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីចុងសប្ដាហ៍កន្លងទៅ បណ្ដាមេដឹកនាំរដ្ឋាភិបាលអាស៊ានត្រូវបានរំពឹងថានឹងបន្តកិច្ចពិភាក្សាលើសំណើស្ដីពីមីយ៉ាន់ម៉ានៅឯកិច្ចប្រជុំកំពូលមួយ នៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងទីក្រុងគូឡាឡាំពួ។ មីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពចលាចលចាប់តាំងពីយោធាធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់ លោកស្រី Aung San Suu Kyi ចេញពីតំណែងពីឆ្នាំ២០២១ ជាហេតុបង្កឱ្យបាតុកម្មតវ៉ាទ្រង់ទ្រាយធំរហូតផ្ទុះទៅជាសង្រ្គាមស៊ីវិលមកទល់នឹងសព្វថ្ងៃ។
ម៉ាឡេស៊ីដែលឆ្នាំនេះជាប្រធានអាស៊ាន បាននិយាយថាខ្លួននឹងបន្តកិច្ចសន្ទនាដាច់ដោយឡែកជាមួយរបបសឹក និងចលនាប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា ដើម្បីសាកល្បងជំរុញកិច្ចចរចា ដោយផ្ទាល់រវាងភាគីជម្លោះទាំង២។ «កិច្ចចរចាចាំបាច់ត្រូវធ្វើឡើងជាច្រើនលើក ទើបការយោគយល់គ្នាមួយអាចកើតឡើងរវាងភាគីទាំង២ទៅវិញទៅមក»។ នេះជាការគូសបញ្ជាក់ របស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំចំនួន២ស្ដីពីមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដោយបន្ថែមថា លោកមានគម្រោងបំពេញទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ានៅខែក្រោយនេះ។ មកនឹងពេលនេះ អាស៊ាននៅតែពិបាកក្នុងការអនុវត្តតាម «ផែនការសន្តិភាពកុងសង់ស៊ីស៥ចំណុច» និងមិនទាន់ពិភាក្សាគ្នាលើជំហររួមពាក់ព័ន្ធនឹងផែនការរៀបចំការបោះឆ្នោតរបស់របបសឹកមីយ៉ាន់ម៉ានៅឡើយទេ។
ក្រៅពីប្រធានបទមីយ៉ាន់ម៉ា បណ្ដាមេដឹកនាំអាស៊ានក៏ត្រូវបានរំពឹងដែរថានឹងត្រូវជួបនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅថ្ងៃអង្គារសប្ដាហ៍នេះ រួមជាមួយសមភាគីមកពីបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា។ កិច្ចពិភាក្សានេះកើតមានឡើងចំពេលពាណិជ្ជកម្មពិភពលោកកំពុងស្ថិតក្នុងស្ថានការណ៍មិនច្បាស់លាស់ ហើយសេដ្ឋកិច្ចមានកំណើនយឺតយ៉ាវ បង្កឡើងដោយការគំរាមយកពន្ធគយរបស់លោក ដូណាល់ ត្រាំ។
ប្រទេសចំនួន៦ ក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងប្រឈមមុខនឹងការយកពន្ធគយទៅវិញទៅមកកម្រិតខ្ពស់ចន្លោះពី៣២ភាគរយ ដល់៤៩ភាគរយ នៅខែកក្កដាខាងមុខ ប្រសិនបើកិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោនមិនអាចសម្រេចបានលទ្ធផលផ្លែផ្កាទេនោះ៕