(ហ្សឺណែវ)៖ អាជ្ញាធរស្វីស​ បាននិយាយថា ពួកគេកំពុងពិនិត្យថាតើត្រូវបើកការស៉េីបអង្កេតផ្លូវច្បាប់ឬអត់​ ទៅលើសកម្មភាពរបស់អង្គការមូលនិធិមនុស្សធម៌មួយគាំទ្រដោយសហរដ្ឋអាមេរិក ដែលធ្វេីការលេីគម្រោងចែកចាយជំនួយនៅក្នុងតំបន់ហ្កាហ្សា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ ២០២៥។

ចំណាត់ការនេះកើតមានឡើងបន្ទាប់ពីអង្គការក្រៅរដ្ឋាភិបាលស្វីស ដាក់សំណើសុំឱ្យមានការស៉េីបអង្កេតលើគម្រោងជំនួយរបស់អង្គការមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដែលអង្គការសហប្រជាជាតិក៏បាននិយាយថា មានភាពលំអៀង ហើយនឹងបង្ខំឱ្យមានការផ្លាស់ទីលំនៅបន្ថែមទៀត និងធ្វើឱ្យមនុស្សរាប់ពាន់នាក់រងគ្រោះថ្នាក់។

កាលពីសប្តាហ៍មុន TRIAL International ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅប្រទេសស្វីស បានដាក់សំណើផ្លូវច្បាប់ចំនួនពីរ ទៅកាន់អាជ្ញាធរស្វីសឱ្យស៊ើបអង្កេតថាតើ GHF ដែលចុះបញ្ជីនៅក្នុងប្រទេសស្វីស បានគោរពតាមច្បាប់របស់ស្វីស និងច្បាប់មនុស្សធម៌អន្តរជាតិដែរឬទេ។

GHF ដែលរំពឹងថានឹងចាប់ផ្តើមការងារនៅក្នុងតំបន់ហ្កាហ្សា នាចុងខែឧសភានេះ បាន Reuters ថា ខ្លួនប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងទៅនឹងគោលការណ៍មនុស្សធម៌ ហើយមិនគាំទ្រទម្រង់នៃការផ្លាស់ទីលំនៅដោយបង្ខំរបស់ជនស៉ីវិលឡើយ។

គួរបញ្ជាក់ថា ចាប់តាំពីថ្ងៃទី២ ខែមីនាមក អ៉ីស្រាអែល បានកំណត់លេីការអនុញ្ញាតឱ្យនាំយកជំនួយចូលក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីបានបញ្ឈប់ដំណេីរការផ្គត់ផ្គង់ជំនួយទាំងស្រុង៕