(ឡុងដ៍)៖ ព្រះមហាក្សត្រចក្រភពអង់គ្លេស Charles នឹងយាងទៅកាន់ប្រទេសកាណាដា នាថ្ងៃចន្ទនេះ ក្នុងព្រះរាជទស្សនកិច្ចជានិមិត្តរូប នៃការគាំទ្រសម្រាប់ប្រជាជាតិមួយ ដែលចាត់ទុកទ្រង់ជាព្រះប្រមុខរដ្ឋ ប៉ុន្តែដែលកំពុងត្រូវបាន លោកប្រធានាធិបតី ដូណាល់ ត្រាំ បរិយាយថាសាកសមនឹងក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ ២០២៥។
តបតាមការអញ្ជើញពីនាយករដ្ឋមន្ត្រី លោក Mark Carney ព្រះអង្គ Charles នឹងយាងចូលរួមពិធីបើកសម័យប្រជុំសភា នៅទីក្រុង Ottawa នៅថ្ងៃអង្គារ ដែលជាលើកដំបូងសម្រាប់មហាក្សត្ររបស់ចក្រភពអង់គ្លេស គិតចាប់តាំងពីមាតារបស់ទ្រង់ គឺមហាក្សត្រី Elizabeth ដែលបានធ្វើបែបនោះ កាលពី៦៨ឆ្នាំមុន។
បេសកជនកាណាដាប្រចាំចក្រភពអង់គ្លេស លោក Ralph Goodale បានប្រាប់អ្នកយកព័ត៌មានថា ព្រះអង្គ Charles នឹងមានព្រះរាជបន្ទូលទៅកាន់គណៈកម្មការសភាជាន់ខ្ពស់ថា «នាយករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ហេីយថាកាណាដា មិនមែនសម្រាប់លក់ មិនត្រឹមតែក្នុងពេលឥឡូវនេះទេ គឺមិនមែនសម្រាប់លក់ជារៀងរហូត។ ព្រះមហាក្សត្រ ក្នុងនាមជាប្រមុខរដ្ឋ នឹងបញ្ចេញសិទ្ធិអំណាចតាមខ្លឹមសារនៃព្រះរាជសុន្ទរកថានោះ»។
គួរបញ្ជាក់ថា ព្រះអង្គ Charles ព្រះជន្ម ៧៦ព្រះវស្សា កំពុងទទួលការព្យាបាលជំងឺមហារីក ដែលបានរឹតត្បិតការបំពេញព្រះរាជកិច្ចរបស់ទ្រង់ ដូច្នេះព្រះរាជទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ នឹងបង្ហាញពីការប្តេជ្ញាចិត្ត របស់ព្រះអង្គចំពោះកាណាដា ដែលជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៥ដែលព្រះអង្គជាព្រះមហាក្សត្រ និងព្រះប្រមុខរដ្ឋ៕