(ហ្សឺណែវ)៖ លោក Jake Wood ប្រធានប្រតិបត្តិនៃមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានលាលែងពីតំណែងនៅថ្ងៃចន្ទនេះ ដោយអះអាងថា ផែនការចែកចាយជំនួយដ៏ចម្រូងចម្រាសរបស់មូលនិធិ មិនអាចឲ្យលោកគោរព «គោលការណ៍មនុស្សធម៌» បានទេ ខណៈដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាលារៀនមួយកន្លែងក្នុងទីក្រុងហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនដែលជ្រកកោននៅទីនោះរាប់សិបនាក់។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥។

ការលាលែងរបស់លោក Wood កើតឡើង នៅមុនថ្ងៃមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) គ្រោងចាប់ផ្តើមប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងអ្នកម៉ៅការឯកជន និងការការពារពីសន្តិសុខអ៊ីស្រាអែល។ គម្រោងនេះ បានទទួលការរិះគន់យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងក្រុមជំនួយអន្តរជាតិ ដែលព្រមានថាវាធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹតភាព និងអាចបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។ ទោះជាយ៉ាងនេះក្តី ក្រុមប្រឹក្សាភិបាល GHF បានប្រកាសថានឹងបន្តផែនការនេះ។

ទន្ទឹមនឹងវិបត្តិនៅ GHF ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសាលារៀន Fahmi Al-Jarjawi ក្នុងទីក្រុងហ្គាហ្សា ដែលជាជម្រកជនភៀសខ្លួន បានសម្លាប់មនុស្សយ៉ាងតិច ៣៦នាក់នៅថ្ងៃចន្ទ។ ហេតុការណ៍នេះ បានបន្ថែមទៅលើការរិះគន់ជាអន្តរជាតិដែលកំពុងកើនឡើង ដោយប្រទេសអាល្លឺម៉ង់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល បានហៅការបាត់បង់ជីវិតជនស៊ីវិលថា «លែងអាចរាប់ជាសុចរិតទៀតបាន»។

គួរបញ្ជាក់ថា ការលាលែងពីតំណែងប្រធានមូលនិធិជំនួយ និងការបន្តសម្លាប់រង្គាលជនស៊ីវិល បានគូសបញ្ជាក់ពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅហ្គាហ្សា និងភាពបរាជ័យនៃយន្តការបច្ចុប្បន្នក្នុងការផ្តល់ជំនួយប្រកបដោយសុវត្ថិភាព និងគោលការណ៍ ខណៈប្រជាជន ២លាននាក់ប្រឈមនឹងគ្រោះទុរ្ភិក្ស៕