(ហ្គាហ្សា)៖ ក្រុមហាម៉ាស់ បានយល់ព្រមលើសំណើរបស់បេសកជនពិសេសអាមេរិក លោក Steve Witkoff សម្រាប់បទឈប់បាញ់មួយនៅតំបន់ហ្គាហ្សា។ នេះបើតាមមន្ត្រីប៉ាឡេស្ទីនម្នាក់ដែលស្និទ្ធនឹងក្រុមនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥។

សំណើថ្មីនេះ ដែលក្រុមហាម៉ាស់ទទួលបានតាមរយៈអ្នកសម្របសម្រួល រួមមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ១០នាក់ជាពីរក្រុម ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៧០ថ្ងៃ និងការដកកងទ័ពអ៊ីស្រាអែលចេញពីផ្នែកខ្លះនៃតំបន់ហ្គាហ្សាស្ទ្រីប។ សំណើក៏រួមបញ្ចូលផងដែរនូវការដោះលែងអ្នកទោសប៉ាឡេស្ទីនមួយចំនួនដោយអ៊ីស្រាអែល រួមទាំងអ្នកដែលកំពុងជាប់ពន្ធនាគាររយៈពេលវែងរាប់រយនាក់។

ទោះជាយ៉ាងណា មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីភាគីអ៊ីស្រាអែលចំពោះសេចក្តីរាយការណ៍នេះនៅឡើយទេ។

គួរបញ្ជាក់ថា ការយល់ព្រមដែលត្រូវបានរាយការណ៍នេះ ប្រសិនបើមានការបញ្ជាក់បន្ថែម និងការឯកភាពពីអ៊ីស្រាអែល អាចនឹងក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបន្ធូរបន្ថយអំពើហិង្សា និងវិបត្តិមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា៕