(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់ការលើកលែងទោស សម្រាប់​អតីតមន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់នៅរដ្ឋ Virginia ដែលកាលពីឆ្នាំមុនត្រូវបានរកឃើញមានពិរុទ្ធពីបទស៉ីសំណូក ខណៈប្រការនេះធ្វើ​ឱ្យមន្រ្តីប៉ូលិសរូបនោះ រួចផុតពីការជាប់ពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងសេចក្តីប្រកាសផ្តល់ការលើកលែងទោសទាំងស្រុង និងគ្មានលក្ខខណ្ឌ លោក ត្រាំ បាននិយាយដូច្នេះថា «លោក Scott Jenkins និងគ្រួសារត្រូវបានអូសឱ្យធ្លាក់​ក្នុងស្ថានភាពដ៏អាក្រក់ដូចឋានរក។ លោក Jenkins នឹងមិនត្រូវជាប់ពន្ធនាគារឡើយ ផ្ទុយមកវិញ លោកនឹងមានជីវិតយ៉ាងល្អប្រសើរ»។ លោក ត្រាំ បានចាត់ទុកថា លោក Jenkins គឺជាជនរងគ្រោះ នៅក្រោមក្រសួងយុត្តិធម៌របស់អតីតប្រធានាធិបតី លោក ចូ បៃដិន។

លោក Scott Jenkins ដែលជាអតីតមេប៉ូលិសប្រចាំតំបន់ Culpeper County នៃរដ្ឋ Virginia ត្រូវបានរកឃើញមានពិរុទ្ធ​ដោយគណៈវិនិច្ឆ័យ កាលខែធ្នូ ឆ្នាំ២០២៤ សម្រាប់ការទទួលប្រាក់សំណូក សរុបចំនួន៧៥ ០០០ដុល្លារ ហើយកាលពីខែមីនា ឆ្នាំនេះ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។ ចាប់តាំងពីជាប់ពិរុទ្ធ លោក Jenkins បានអំពាវនាវទៅកាន់ លោក ត្រាំ ដោយផ្ទាល់ ដើម្បីស្នើសុំលោកប្រធានាធិបតី ជួយធ្វើអន្តរាគមន៍។

គួរបញ្ជាក់ថា ចាប់តាំងពីត្រឡប់មកកាន់អំណាចសាជាថ្មី លោក ត្រាំ កាលពីខែមករា បានលើកលែងទោសសឹងតែគ្រប់គ្នា សម្រាប់​ជនទាំងឡាយ ដែលរងការចោទប្រកាន់ព្រហ្មទណ្ឌ ពាក់ព័ន្ធការចូលរួមក្នុងសកម្មភាពវាយប្រហារ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅវិមានសភាអាមេរិក ហើយកាលពីខែកុម្ភៈ លោកបានលើកលែងទោស អតីតអភិបាលរដ្ឋ Illinois ដែលជាប់ពិរុទ្ធពីបទព្យាយាម​លក់អាសនៈព្រឹទ្ធសភាដែលនៅទំនេរ របស់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា។ ក្រៅពីនេះ ក៏មានអ្នកផ្សេងទៀត ដែលទទួលបានការលើកលែងទោសពី លោក ត្រាំ ផងដែរ៕