(សិង្ហបុរី)៖ អំឡុងកិច្ចប្រជុំកំពូលនៅឯម៉ាឡេស៉ី លោក Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី បាននិយាយថា សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ឬអាស៊ាន គួរតែបន្តកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្ម រួមទាំងគោលដៅគ្មានការយកពន្ធគយនៅក្នុងប្លុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ ២០២៥។
លោក Wong បាននិយាយថា ប្លុកដែលមានសមាជិក ១០ប្រទេសនេះ ក៏គួរតែពង្រឹងកិច្ចសហប្រតិបត្តិការស៉ីជម្រៅ ជាមួយដៃគូខាងក្រៅដែលមានស្រាប់ និងដៃគូថ្មី។ សម្រាប់បញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិក លោក Wong គូសបញ្ជាក់ថា «ការដកថយពីពហុភាគីនិយម ផ្លាស់ប្តូរទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងទ្វេភាគីបន្ថែមទៀត វាប្រហែលជារឿងដែលត្រឹមត្រូវ»។
លោក Wong បានកត់សម្គាល់ថា អាស៊ានអាចធ្វើកិច្ចការ ៣យ៉ាង នោះគឺបន្តការចូលរួមក្នុងន័យស្ថាបនាជាមួយសហរដ្ឋអាមេរិក ទាំងក្នុងនាមប្រទេស ពិសេសក្នុងនាមសមាជិកអាស៊ាន, ពង្រឹងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្ម ឧទាហរណ៍ ការមិនយកពន្ធ ១០០ភាគរយក្នុងប្លុក និងដោះស្រាយរបាំងមិនមែនពន្ធ ដូចជាតម្រូវការអាជ្ញាប័ណ្ណនាំចូល ព្រមទាំងនីតិវិធីគយដ៏ស្មុគស្មាញ ដើម្បីពន្លឿនការជួញដូរផងដែរ។
គួរបញ្ជាក់ថា បណ្តាមេដឹកនាំអាស៊ាន កំពុងជួបប្រជុំគ្នាថ្ងៃទីពីរ នៅឯកិច្ចប្រជុំកំពូលលើកទី ៤៦ ក្នុងប្រទេសម៉ាឡេស៉ី ដែលជាប្រធានប្តូរវេនឆ្នាំនេះ៕