(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៧ ខែឧសភាថា ទឹកជំនន់នៅភាគខាងអាគ្នេយ៍ បានបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរ ហើយការស្តារឡើងវិញត្រូវចំណាយពេលច្រើនខែ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Albanese បានប្រាប់អ្នកយកព័ត៌មានថា ទឹកជំនន់បានប៉ះពាល់ធ្ងន់ធ្ងរ ដល់ឧស្សាហកម្មទឹកដោះគោ ដែលជះឥទ្ធិពលភ្លាមៗនៅទូទាំងប្រទេស។ ដោយឡែក ការទូទាត់សំណងគ្រោះមហន្តរាយមួយដង ស្មើនឹង ៦៤៨ដុល្លារអាមេរិកសម្រាប់មនុស្សពេញវ័យ និង ២៥៨.៦០ដុល្លារអាមេរិកសម្រាប់កុមារ នឹងត្រូវដាក់ឱ្យអនុវត្ត ចាប់ពីថ្ងៃពុធនេះ ខណៈដែលប្រាក់ឧបត្ថម្ភរយៈពេល ១៣សប្តាហ៍ ត្រូវចំណាយឱ្យដល់ប្រជាជនច្រើនជាងមុន។

តាម Insurance Australia Group ដែលជាក្រុមហ៊ុនធានារ៉ាប់រងឯកជនធំបំផុតរបស់អូស្រ្តាលី ខ្លួនបានទទួលសំណើសុំសំណង ទាក់ទងនឹងគ្រោះទឹកជំនន់នេះ ចំនួន ២ ៥០០គិតត្រឹមថ្ងៃអង្គារ ភាគច្រើនទៅលើការខូចខាតទ្រព្យសម្បត្តិ។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ឥតឈប់ឈររយៈពេល ៣ថ្ងៃ បានបង្កឱ្យមានទឹកជំនន់ដ៏ធំ នៅទីជនបទជាច្រើនក្នុងតំបន់ Hunter និង Mid North Coast នៃរដ្ឋ New South Wales ដែលជារដ្ឋមានប្រជាជនច្រើនជាងគេរបស់អូស្ត្រាលី ខណៈទឹកទន្លេហក់ឡើងយ៉ាងឆាប់រហ័ស បានធ្វើឱ្យមនុស្សជាង ៥០ ០០០នាក់ជាប់គាំងក្នុងទឹកជំនន់ កាលពីសប្តាហ៍មុន។ អ្នកនាំពាក្យនៃសេវាសង្គ្រោះបន្ទាន់រដ្ឋ New South Wales និយាយថា អចលនទ្រព្យជិត ៨០០ត្រូវបានសន្មត់ថាគ្មានមនុស្សរស់នៅ បន្ទាប់ពីធ្វើការវាយតម្លៃលើការខូចខាតជាង ៧ ៣០០ករណី៕