(កូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយនៅថ្ងៃអង្គារនេះថា ស្តេចស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ (Sultan Hassanal Bolkiah) នៃប្រទេសប្រ៊ុយណេ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងកូឡាឡាំពួ ដើម្បី «សម្រាក» បន្ទាប់ពីព្រះអង្គមានអារម្មណ៍អស់កម្លាំងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥។

លោក អាន់វ៉ា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីថាតើពិតទេ ស្តេចស៊ុលតង់ព្រះជន្ម ៧៨ព្រះវស្សា កំពុងព្យាបាលនៅវិទ្យាស្ថានជាតិបេះដូង (National Heart Institute) ក្នុងទីក្រុងកូឡាឡាំពួ? លោកបានឆ្លើយ​បញ្ជាក់ថា​ពិតមែន ប៉ុន្តែ​​មិន​បាន​ប្រាប់​ឲ្យ​លម្អិតបន្ថែមពីស្ថានភាពព្រះរាជសុខភាពរបស់ទ្រង់ឡើយ។

គួរបញ្ជាក់ថា ស្តេចស៊ុលតង់ ហាសសាណាល់ បុលគីយ៉ាស់ បានគ្រងរាជ្យនៅប្រទេសប្រ៊ុយណេដែលសម្បូរប្រេងនៅលើកោះ Borneo តាំងពីឆ្នាំ ១៩៦៧។ ព្រះអង្គធ្លាប់ជាបុគ្គលមានបំផុតនៅលើពិភពលោក ហើយនៅតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ទោះបីជាមានការកាន់អំណាចយ៉ាងរឹងមាំនៅក្នុងប្រទេសដែលមានប្រជាជនជិតកន្លះលាននាក់ក៏ដោយ។ ក្រោមការដឹកនាំរបស់ព្រះអង្គ ប្រ៊ុយណេទទួលបានឯករាជ្យពេញលេញពីចក្រភពអង់គ្លេស និងមានការរីកចម្រើនផ្នែកកម្រិតជីវភាពរស់នៅខ្ពស់មួយនៅអាស៊ី៕