(ហ្សាការតា)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងស្វែងរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិស័យការពារជាតិ ក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ឥណ្ឌូណេស៊ី នៅថ្ងៃពុធ ទី២៨ ខែឧសភា ជាជើងទី២នៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសចំនួន៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីលើកកម្ពស់ឥទ្ធិពលរបស់បារាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រធានាធិបតីបារាំងនឹងត្រូវបានទទួលស្វាគមន៍ដោយសមភាគីឥណ្ឌូណេស៊ី លោក Prabowo Subianto មុននឹងចូលរួមក្នុងជំនួបជាមួយក្រុមអ្នកវិនិយោគ និងនិស្សិតនៅឥណ្ឌូណេស៊ីដែល ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងចូលរួមពិធីលាងសាយភោជ។ «ខ្ញុំពិតជាអន្ទ​ះសារចង់ជួបបងប្រុសរបស់ខ្ញុំសាជាថ្មី គឺប្រធានាធិបតី Prabowo និងដែលជា មិត្តល្អម្នាក់របស់ខ្ញុំផងដែរ»។ នេះជាការលើកឡើងរបស់លោក Macron កាលពីថ្ងៃអង្គារ ក្រោយធ្វើដំណើរទៅដល់រដ្ឋធានីហ្សាការតាជាទីដែលលោកត្រូវបានទទួលស្វាគមន៍ដោយ រដ្ឋមន្ត្រីការពារជាតិ និងការបរទេសរបស់ឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាគោលដៅទី២នៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសចំនួន៣ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីលោក Macron បានបញ្ចប់ដំណើរទស្សនកិច្ច នៅវៀតណាមកាលពីថ្ងៃអង្គារ។ នៅវៀតណាម លោក Macron បាននិយាយថាបារាំងប្រៀបបានទៅនឹង «អំណាចមួយនៃសន្តិភាព និងតុល្យភាព» ដែលប្ដេជ្ញាចិត្តចំពោះសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ លោក Macron នឹងត្រូវធ្វើដំណើរទីក្រុង Yogyakarta នៅលើកោះជ្វារបស់ឥណ្ឌូណេស៊ី មុននឹងបន្ត ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ជាទីដែលលោកនឹងបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃរបស់លោកក្នុងតំបន់អាស៊ីអាគ្នេយ៍៕