(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២៧ ខែឧសភា បានបរិហារអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនថាពុតត្បុត ក្រោយពួកគេរិះគន់លើការដំណើរការ ផ្ដល់ជំនួយគាំទ្រដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានគូសបញ្ជាក់ថា «វាជារឿងអកុសល ពីព្រោះថាបញ្ហានៅទីនេះគឺការនាំជំនួយចូល ទៅក្នុងតំបន់ហ្កាហ្សា តែបែរជាមានការរិះគន់ពីរបៀប ឬក៏ថាតើនរណាកំពុងចែកជំនួយទៅវិញ»។ លោកស្រី Tammy Bruce បានហៅការរិះគន់លើដំណើរការចែកជំនួយមនុស្សធម៌គាំទ្រ ដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាទង្វើពុតត្បុត។ លោកស្រីបន្ថែមថា «នៅពេលអ្នកទាំងអស់គ្នាសម្លឹងទៅកាន់ជំនួយជាស្បៀងអាហារ ៨០០០ប្រអប់ ថាតើវាដូចជាការចែកចាយ ទៅកាន់ផ្សារទំនើបឬ? ទេវាមិនមែនទេ។ វាជាបរិយាកាសដ៏ស្មុគស្មាញ តែការពិតស្បៀងអាហារបានចូលទៅក្នុងតំបន់ហ្កាហ្សាដោយជោគជ័យ»

គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅកាន់ទីតាំងចែកជំនួយមនុស្សធម៌កាលពីថ្ងៃអង្គារ ហើយក្នុងពេលនោះដែរមានសេចក្ដីរាយការណ៍ថា កងទ័ពអ៉ីស្រាអែលបានបាញ់ព្រមានជាច្រើនគ្រាប់។ អង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបាននិយាយថារូបភាពនៃប្រជាជនប៉ាឡេស្ទីនកំពុងដណ្ដើមគ្នាយកជំនួយ គឺជារឿងស្លុតចិត្ត ហើយថាមូលនិធិ Gaza Humanitarian Foundation គាំទ្រដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ខ្វះខាតជំនាញក្នុងការដោះស្រាយស្ថានការណ៍មនុស្សធម៌ធ្ងន់ធ្ងរ នៅហ្កាហ្សា៕