(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃពុធ ទី២៨ ខែឧសភា បានឱ្យដឹងថា អ៊ុយក្រែនបានបើកការវាយប្រហារតាមអាកាសដ៏ធំមួយ មកលើរុស្ស៉ីកាលពីវេលាយប់កន្លងទៅ ដោយបានបញ្ជូនយន្តហោះដ្រូនសរុបជិត៣០០គ្រឿង មកកាន់តំបន់ផ្សេងៗនៃប្រទេសរុស្ស៉ី រួមទាំងរដ្ឋធានីមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់ស្ទាក់និងកម្ទេចយន្តហោះដ្រូនអ៊ុយក្រែនចំនួន ២៩៦គ្រឿង ក្នុងនោះ៤២គ្រឿង ត្រូវបានបាញ់ទម្លាក់នៅតំបន់មូស្គូ ដែលនៅជុំវិញរដ្ឋធានី។ មួយរយៈចុងក្រោយនេះ ខាងរុស្ស៉ីក៏បានបង្កើនការវាយប្រហារតាមអាកាសលើអ៊ុយក្រែនដែរ។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អ៊ុយក្រែនបានអះអាងថា រុស្ស៉ីបាន​ប្រើដ្រូនសរុបជាង៩០០គ្រឿង វាយប្រហារទៅលើខ្លួន ក្នុងរយៈពេល៣ថ្ងៃចុងក្រោយ ដោយកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ជនស៉ីវិលយ៉ាងហោច១៣នាក់ ត្រូវបានសម្លាប់។ កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា ការវាយប្រហារទាំងនោះរបស់ខ្លួន គឺគ្រាន់ជាការឆ្លើយតបប៉ុណ្ណោះ ចំពោះការបង្កើន​ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន ដែលបានបង្កឱ្យជនស៉ីវិលរុស្ស៉ីរងគ្រោះថ្នាក់។

គួរបញ្ជាក់ថា ទោះបីជាច្រើនខែមកហើយ សហរដ្ឋអាមេរិក បានព្យាយាមខ្នះខ្នែងដឹកនាំកិច្ចប្រឹងប្រែងការទូតយ៉ាងណាក៏ដោយ រុស្ស៉ីនិងអ៊ុយក្រែនហាក់នៅតែមិនទាន់ខិតទៅជិត ការសម្រេចបានកិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់ជម្លោះ ដែលអូសបន្លាយពេល​អស់រយៈពេលជាង៣ឆ្នាំមកហើយ នេះឡើយ៕