(វ៉ាស៊ីនតោន)៖ មហាសេដ្ឋីអាមេរិក លោក Elon Musk ពិតជាកំពុងចាកចេញពីរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រាកដមែន បន្ទាប់ពីបានដឹកនាំការងារធ្វើកំណែទម្រង់ រដ្ឋាភិបាលសហព័ន្ធដ៏ចម្រូងចម្រាសមួយរយៈមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីសេតវិមានម្នាក់បានប្រាប់ Reuters ថាវាគឺជាការពិតដែលលោក Elon Musk កំពុងចាកចេញពីរដ្ឋបាលលោក ត្រាំ ហើយការលាលែងពីតំណែងរបស់លោកនឹងចូលជាធរមាននៅយប់ថ្ងៃពុធ ទី២៨ ខែឧសភា (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក Elon Musk កាលពីថ្ងៃពុធបានអរគុណដល់លោក ដូណាល់ ត្រាំ ស្របពេលដែលពេលវេលាកាន់តំណែងជាបុគ្គលិកពិសេសមួយរបស់រដ្ឋាភិបាល ក្នុងនាមជាអ្នកដឹកនាំអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ឈានដល់ទីបញ្ចប់។ អាណត្តិ១៣០ថ្ងៃរបស់លោក Musk ក្នុងនាមជាបុគ្គលិកពិសេសរបស់រដ្ឋាភិបាលនៅក្រោមរដ្ឋបាលលោក ត្រាំ នឹងត្រូវអស់សុពលភាពនៅថ្ងៃទី៣០ ខែឧសភា។ រដ្ឋបាលលោក ត្រាំ បាននិយាយថាកិច្ចប្រឹងប្រែងរបស់ DOGE ដើម្បីធ្វើកំណែទម្រង់ និងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល នឹងនៅតែបន្តធ្វើឡើង។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និង DOGE បានកាត់បន្ថយជិត ១២ភាគរយ ឬបុគ្គលិក ២៦០ ០០០នាក់ ក្នុងចំណោមបុគ្គលិករដ្ឋាភិបាលអាមេរិកជាង ២.៣លាននាក់ ជាមួយការគំរាម បណ្ដេញចេញពីការងារ ឬបង្គាប់ឱ្យចូលនិវត្តន៍មុនកាលកំណត់ជាដើម៕