(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃពុធ ទី២៨ ខែឧសភា បានប្រកាសថាសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមការលុបចោលទិដ្ឋាការរបស់និសិ្សតចិន ក្នុងនោះរួមមានទាំង អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគណបក្សកុម្មុយនិស្ដចិន ឬក៏កំពុងសិក្សាលើមុខជំនាញសំខាន់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រសិនបើការលុបចោលទិដ្ឋាការរបស់និសិ្សតចិនពិតជាត្រូវបានអនុវត្តមែន នោះវាអាចធ្វើឱ្យបាត់បង់ប្រភពចំណូលដ៏ធំមួយសម្រាប់សាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Rubio បាននិយាយថាក្រសួងការបរទេសអាមេរិកក៏នឹងពង្រឹងការតាមដានផងដែរលើការស្នើសុំទិដ្ឋាការពីចិន និងហុងកុង។ «ក្រសួងការបរទេសអាមេរិកនឹងធ្វើការជាមួយក្រសួងសន្តិសុខមាតុភូមិ ដើម្បីលុបចោលទិដ្ឋាការសម្រាប់និស្សិតចិន»។ នេះជាការគូសបញ្ជាក់របស់លោក Rubio។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសអាមេរិក ចិនបានបញ្ជូននិស្សិតទៅរៀននៅសហរដ្ឋអាមេរិក ២៧៧ ៣៩៨នាក់ ក្នុងឆ្នាំសិក្សា២០២៣-២០២៤។ តួលេខនេះបានធ្លាក់ចុះបើធៀបទៅនឹងឆ្នាំ២០១៩ ដែលមាននិស្សិតចិន ៣៧០ ០០០នាក់ រៀននៅសហរដ្ឋអាមេរិក ហើយការធ្លាក់ចុះនេះទៀតសោតដោយសារតែការកើនឡើងភាពតានតឹងរវាងប្រទេសទាំង២ និងការឆ្លងរាតត្បាតកូវីដ១៩៕