(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា យន្តហោះល្បាតដែនសមុទ្រមួយគ្រឿងរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង ដែលមានផ្ទុកមនុស្សចំនួន៤នាក់ បានធ្លាក់នៅក្បែរមូលដ្ឋានយោធាមួយកន្លែង ក្នុងទីក្រុង Pohang ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទវហេតុនោះបានកើតឡើងកាលពីម៉ោង១៖៤៣នាទីរសៀល ម៉ោងនៅកូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូងបានបន្តថា ខ្លួនកំពុងព្យាយាមកំណត់មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់នេះ ព្រមទាំង​តួលេខអ្នកបាត់បង់ជីវិត។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង យន្តហោះខាងលើ បានធ្លាក់នៅតំបន់ភ្នំ ហើយបើតាមសាក្សី គេឃើញ​មានផ្សែងហុយឡើងទៅលើ ចេញពីកន្លែងដែលយន្តហោះនោះបានធ្លាក់៕