(ញូវយ៉ក)៖ តាមឯកសារផ្ទៃក្នុងដែល Reuters ទទួលបាន អង្គការសហប្រជាជាតិ (UN) កំពុងរៀបចំកាត់បន្ថយថវិកាចំនួន ៣.៧ពាន់លានដុល្លារស្មើនឹង ២០ភាគរយ និងកាត់បន្ថយបុគ្គលិកប្រហែល ៦ ៩០០នាក់។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ ២០២៥។
ប្រធានផ្នែកត្រួតពិនិត្យកញ្ចប់ថវិការបស់ UN លោក Chandramouli Ramanathan កត់សម្គាល់ថា ការកាត់បន្ថយនេះគឺជាផ្នែកមួយនៃការងារពិនិត្យឡើងវិញ កាលខែមីនា។ លោកគូសបញ្ជាក់ថា «វាគឺជាកិច្ចខិតខំប្រឹងប្រែង ប្រកបដោយមហិច្ឆតាមួយ ដើម្បីធានាថា UN អាចសម្រេចគោលបំណងគាំទ្រពហុភាគីនិយម នៅសតវត្សរ៍ទី ២១ កាត់បន្ថយការឈឺចាប់របស់មនុស្ស និងកសាងជីវិត និងអនាគតកាន់តែប្រសើរឡើង»។ ថ្មីៗនេះ អគ្គលេខាធិការ លោក Antonio Guterres បាននិយាយថា «UN អាចបង្រួបបង្រួមទីភ្នាក់ងារមួយចំនួន កាត់ផ្តាច់សកម្មភាព ផ្លាស់ប្តូរបុគ្គលិកទៅកាន់ទីក្រុងដែលមានតម្លៃរស់នៅទាប និងលុបបំបាត់ការងារដែលមិនសូវចាំបាច់»។
គួរបញ្ជាក់ថា សេចក្តីណែនាំអំពីផែនការកាត់បន្ថយ ត្រឹមថ្ងៃទី១៣ ខែមិថុនា កើតឡើងចំពេលមានវិបត្តិហិរញ្ញវត្ថុ ដែលមួយផ្នែកគឺដោយសារតែសហរដ្ឋអាមេរិក កាត់បន្ថយមូលនិធិរបស់ខ្លួន។ ជារៀងរាល់ឆ្នាំ សហរដ្ឋអាមេរិក បានផ្តល់មូលនិធិជិតមួយភាគបួន នៃថវិការបស់ស្ថាប័នពិភពលោកមួយនេះ៕