(មូស្គូ)៖ អភិបាលតំបន់ បាននិយាយនៅព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភានេះថា យន្តហោះដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារមកលើតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៉ី កាលពីយប់ថ្ងៃព្រហស្បតិ៍ ធ្វើឱ្យខូចខាតដល់អគារមន្ទីរពេទ្យ ផ្ទះល្វែង និងយ៉ាងហោចណាស់មានមនុស្សម្នាក់របួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទូទាំងព្រំដែនក្នុងតំបន់ Sumy របស់អ៊ុយក្រែន អភិបាលតំបន់បានរាយការណ៍ ពីការប្រយុទ្ធគ្នាថ្មីៗនៅភូមិនានា ជាទីដែលរុស្ស៉ីបាននិងកំពុងដណ្តើមកាន់កាប់។ នៅតំបន់ Kursk របស់រុស្ស៉ីវិញ យោធាបាននិយាយថា កងកម្លាំងអ៊ុយក្រែនត្រូវបានវាយបណ្តេញ ហើយលោកអភិបាល Alexander Khinshtein បានឱ្យដឹងថា ដ្រូនអ៊ុយក្រែន បានវាយលុកទីក្រុងសំខាន់មួយ ដែលគេហៅ Kursk ដូចគ្នា។ លោក Khinshtein បញ្ជាក់ថា «បំណែកនៃដ្រូន ធ្វើឱ្យខូចខាតដល់មន្ទីរពេទ្យក្រុងលេខ ១ នៅ Kursk ដោយបង្អូចនៃមន្ទីរពេទ្យត្រូវបានកម្ទេច។ សំណាងល្អមិនមានអ្នកជំងឺណាម្នាក់ ត្រូវរបួស។ បំណែកដ្រូន ក៏បានបំផ្លាញអគារផ្ទះល្វែងខ្ពស់ៗផងដែរ»

គួរបញ្ជាក់ថា Sumy និង Kursk ជាតំបន់ព្រំដែនជាប់គ្នារវាងអ៊ុយក្រែន-រុស្ស៉ី ដែលស្ថិតក្រោមការវាយប្រហារដាក់គ្នាទៅវិញទៅមក ចំពោះមុខកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព៕