(សិង្ហបុរី)៖ នៅថ្ងៃសុក្រ ទី៣០ ខែឧសភា ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន កំពុងប្រឈមមុខជាមួយ ការធ្វើតេស្តលើភាពគួរឱ្យជឿទុកចិត្ត ជុំវិញការឆ្លើយតបរបស់ខ្លួន ចំពោះល្បែងអូសបន្លាយពេលវេលារបស់រុស្ស៉ី ជុំវិញបទឈប់បាញ់នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោកប្រធានាធិបតីបារាំង បានលើកឡើងថា ប្រសិនបើរុស្ស៉ីបង្ហាញយ៉ាងជាក់ច្បាស់ថា ខ្លួនមិនទាន់ត្រៀមលក្ខណៈរួចរាល់ ដើម្បីទទួលយកសន្តិភាពទេនោះ ទីក្រុងវ៉ាស៉ីនតោន ចាំបាច់ត្រូវបញ្ជាក់ពីការប្តេជ្ញារបស់ខ្លួន ក្នុងការដាក់ទណ្ឌកម្មឱ្យធ្ងន់បន្ថែមលើរុស្ស៉ី ហើយលោកបានសង្កត់ធ្ងន់ថា នេះគឺជាការធ្វើតេស្តចំពោះភាពជឿទុកចិត្តសម្រាប់អាមេរិក។ ថ្លែងចេញពីប្រទេសសិង្ហបុរី លោក Macron បានប្រាប់ថា លោកបាននិយាយទូរសព្ទជាមួយលោក ត្រាំ កាលពីប៉ុន្មានថ្ងៃមុន ហើយកត់សម្គាល់ឃើញថា លោក ត្រាំ​ កំពុងបាត់បង់ការអត់ធ្មត់ ដូច្នេះសំណួរនាពេលនេះ គឺតើត្រូវធ្វើបែបណា ដោយលោក Macron បានបញ្ជាក់ថា ខាងអឺរ៉ុបត្រៀមខ្លួន​រួចរាល់ហើយ។

ក្នុងសប្តាហ៍នេះ លោក Macron បាននិយាយថា លោកជឿជាក់ថា ឥឡូវលោក ត្រាំ ប្រហែលជាដឹងហើយថា លោក ពូទីន បាននិយាយកុហកនៅពេលដែលមេដឹកនាំរុស្ស៉ីរូបនេះ អះអាងថា រូបលោកត្រៀមលក្ខណៈរួចរាល់ សម្រាប់សន្តិភាពនៅអ៊ុយក្រែន ហើយលោក Macron សង្ឃឹមថា កំហឹងរបស់លោក ត្រាំ នឹងប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង។ បើតាមលោក Macron គឺវាដល់ពេលដែលត្រូវគំរាមរុស្ស៉ីជាមួយទណ្ឌកម្មកាន់តែធ្ងន់ធ្ងរបន្ថែមទៀតហើយ ដើម្បីបង្ខំឱ្យមូស្គូបិទបញ្ចប់សង្រ្គាមឈ្លានពានរបស់ខ្លួន ដែលបានផ្ទុះឡើងនៅអ៊ុយក្រែន កាលពីឆ្នាំ២០២២។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន លោក ត្រាំ បានហៅលោក ពូទីន ថាជាមនុស្សបាត់បង់សតិ បន្ទាប់ពីរុស្ស៉ីបានបន្ត​វាយប្រហារតាមអាកាសយ៉ាងចាស់ដៃលើអ៊ុយក្រែន ប៉ុន្តែមកទល់ពេលនេះ លោក ត្រាំ មិនទាន់ធ្វើតាមការគំរាមរបស់លោក ស្តីពីការដាក់​ទណ្ឌកម្មថ្មីបន្ថែមលើទីក្រុងមូស្គូនៅឡើយទេ៕