(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិក២រូបបានបង្ហើបឱ្យដឹងថា សហរដ្ឋអាមេរិក មានផែនការបង្កើនការលក់សព្វាវុធឱ្យទៅកោះតៃវ៉ាន់ ក្នុងកម្រិតមួយដែលច្រើនលើស កាលពីអំឡុងអាណត្តិទី១ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅទៀត ដើម្បជួយតៃវ៉ាន់ទប់ទល់ការដំឡើងសម្ពាធយោធារបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
មន្រ្តីអាមេរិកខាងលើ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ពួកគេរំពឹងថា ការអនុម័តរបស់អាមេរិកលើ ការលក់សព្វាវុធឱ្យទៅតៃវ៉ាន់ ក្នុងរយៈពេល៤ឆ្នាំខាងមុខ នឹងច្រើនលើសពីអាណត្តិទី១ របស់លោក ត្រាំ។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក ក៏កំពុងដាក់សម្ពាធកុំឱ្យគណបក្សប្រឆាំងនៅតៃវ៉ាន់ ជំទាស់នឹងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងតៃប៉ិ ក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ ផងដែរ។ យោងតាមការគណនារបស់ Reuters រដ្ឋបាលអាណត្តិទី១ របស់លោក ត្រាំ បានអនុម័តការលក់អាវុធគិតជាទឹកប្រាក់ប្រហែល១៨.៣ពាន់លានដុល្លារឱ្យតៃវ៉ាន់ ធៀបនឹងត្រឹម៨.៤ពាន់លានដុល្លារ អំឡុងអាណត្តិរបស់លោក ចូ បៃដិន។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាខ្នងបង្អែកអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធចម្បងរបស់តៃវ៉ាន់ បើទោះបីជាភាគីទាំងពីរ មិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ ប្រសិនបើការលក់អាវុធរបស់អាមេរិកឱ្យតៃវ៉ាន់ កើនឡើងខ្ពស់មែននោះ វាអាចនឹងជួយកាត់បន្ថយក្តីបារម្ភ ជុំវិញវិសាលភាពនៃការប្តេជ្ញារបស់លោក ត្រាំ ចំពោះតៃវ៉ាន់ ក្នុងអាណត្តិទី២នេះ។ ប៉ុន្តែវាក៏ទំនងជានឹងបន្ថែមបញ្ហាទៅលើទំនាក់ទំនងអាមេរិក-ចិន ដែលកំពុងតែមានភាពតានតឹងស្រាប់ផងដែរ៕