(វីយេន)៖ ក្រុមឃ្លាំមើលបានលេីកឡេីងក្នុងរបាយការណ៍សម្ងាត់មួយ ផ្ញេីទៅកាន់ប្រទេសសមាជិកថា អ៉ីរ៉ង់បានធ្វើសកម្មភាពលួចលាក់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាមួយនិងសម្ភារៈដែលមិនបានប្រាប់ឱ្យដល់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (IAEA) បានដឹង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ ២០២៥។
តាមរបាយការណ៍ដែល Reuters ទទួលបាន IAEA សន្និដ្ឋានថា អ៉ីរ៉ង់មិនបានប្រកាសអំពីសម្ភារៈនុយក្លេអ៊ែរ និងសកម្មភាពទាក់ទងនឹងនុយក្លេអ៊ែរ នៅទីតាំងដែលមិនបានប្រកាសចំនួន ៣ក្នុងនៅប្រទេស ជាពិសេសគឺតំបន់ Lavisan-Shian, Varamin និង Turquzabad។ នៅឯតំបន់ Lavisan-Shian ទីក្រុង Tehran សមាសធាតុដែលធ្វើពីលោហៈធាតុអ៊ុយរ៉ាញ៉ូម ត្រូវបានប្រើប្រាស់ក្នុងដំណេីរការផលិតសារធាតុផ្ទុះ យ៉ាងហោចណាស់ពីរដងក្នុងឆ្នាំ ២០០៣ ដោយវាជាផ្នែកមួយនៃការធ្វើតេស្តខ្នាតតូច។
នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយទៀតដែល IAEA ផ្ញើទៅរដ្ឋសមាជិក នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថា ស្តុកសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់ ដែលចម្រាញ់រួចក្នុងកម្រិត ៦០ភាគរយ គឺបានកើនឡើងដល់ជាង ៤០៨គីឡូក្រាម។ ចំនួននេះគឺជិតគ្រប់ ផលិតគ្រាប់បែកនុយក្លេអ៊ែរ ៩គ្រាប់។ ការពង្រឹងដល់កម្រិតខ្ពស់បែបនេះគឺជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះអ៉ីរ៉ង់ជាប្រទេសមិនមាននុយក្លេអ៊ែរតែមួយគត់ដែលអាចធ្វើដូច្នេះបាន។
ក្រុមអ្នកការទូតនិយាយថា របាយការណ៍នេះទំនងជានាំឱ្យមានកោះអញ្ជេីញអ៉ីរ៉ង់ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអាចនៅក្រោយកិច្ចប្រជុំក្រុមប្រឹក្សាភិបាល IAEA។ យ៉ាងនេះក្តី ទីក្រុងតេហេរ៉ង់ បានអះអាងម្តងហេីយម្តងទៀតថា ខ្លួនចង់ធ្វើជាម្ចាស់លើបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណងស៉ីវិល ហើយបដិសេធនូវការចោទប្រកាន់ដែលថាខ្លួនកំពុងស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕