(ប៉េកាំង)៖ នៅថ្ងៃអាទិត្យ ទី១ ខែមិថុនា ចិនបានព្រមានសហរដ្ឋអាមេរិកថា មិនគួរប្រឡែងលេងជាមួយភ្លើងឡើយ ជុំវិញបញ្ហាតៃវ៉ាន់ ហើយបានសម្តែងការតវ៉ាផ្លូវការចំពោះទីក្រុងវ៉ាស៉ីនតោន ជុំវិញការអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth នៅឯកិច្ចប្រជុំសន្តិសុខក្នុងប្រទេសសិង្ហបុរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោកប្រមុខការពារជាតិអាមេរិក បានប្រើប្រាស់សុន្ទរកថារបស់ខ្លួន អំឡុងវេទិកាសន្តិសុខធំប្រចាំឆ្នាំនៅអាស៉ី កាលពីថ្ងៃសៅរ៍ ដើម្បីព្រមានថា ចិនកំពុងត្រៀមរៀបចំប្រើកម្លាំងយោធា ដើម្បីកែប្រែតុល្យភាពអំណាចនៅតំបន់អាស៉ី ហើយលោកបានបន្ថែមថា យោធាចិនកំពុងកសាងសមត្ថភាព ដើម្បីឈ្លានពានលើតៃវ៉ាន់ ដោយកំពុងប្រឹងប្រែងហាត់សម ដើម្បីធ្វើបែបនោះយ៉ាងពិតប្រាកដ។
ក្រសួងការបរទេសចិន បានឱ្យដឹងថា ខ្លួនបានសម្តែងការតវ៉ាជាផ្លូវការទៅកាន់ភាគីអាមេរិក ជុំវិញសម្តីរបស់លោក Hegseth និងបានអះអាងថា ខ្លួនថ្កោលទោសការអត្ថាធិប្បាយនោះជាខ្លាំង។ ទីក្រុងប៉េកាំងបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនគួរព្យាយាមប្រើប្រាស់បញ្ហាតៃវ៉ាន់ ជាឧបករណ៍ដើម្បីរាំងខ្ទប់ចិន ហើយមិនគួរប្រឡែងលេងជាមួយភ្លើងឡើយ។
គួរបញ្ជាក់ថា ចិនដែលមិនបានបញ្ជូនរដ្ឋមន្រ្តីការពារជាតិ លោក Dong Jun ឱ្យចូលរួមកិច្ចប្រជុំនៅសិង្ហបុរី អះអាងថាបញ្ហាតៃវ៉ាន់ ជាកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយបាននិយាយថា ពុំមានប្រទេសដទៃណាមួយ មានសិទ្ធិលូកដៃជ្រៀតជ្រែកជាដាច់ខាត។ ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ចិន និងមិនបដិសេធការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាវិញនោះឡើយ៕