(ប៉េកាំង)៖ “នេះជាទស្សនៈលំអៀងខាងមនោគមវិជ្ជា” “បំផ្លាញដល់ទំនាក់ទំនងអប់រំរវាងចិននិងអាមេរិកក្នុងរយៈពេលយូរ” “នឹងបង្កការបំផ្លាញដ៏ខ្លាំងក្លាដល់ ការរីកចម្រើនខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់អាមេរិក” ។ល។ អំពីរឿងដែលលោក Marco Antonio Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសកាលពីថ្ងៃទី២៨ ខែឧសភាថា សហរដ្ឋអាមេរិក ចាប់ផ្តើមលុបចោលទិដ្ឋការ របស់និស្សិតចិន មតិអន្តរជាតិបានរិះគន់ព្រោងព្រាត។

អំពីទង្វើរបស់ភាគីអាមេរិកដែលប្រកបដោយលក្ខណៈនយោបាយ និងភាពរើសអើង ភាគីចិនបានបង្ហាញការប្រឆាំង យ៉ាងច្បាស់លាស់ ហើយបានលើកឡើងការតវ៉ា ដើម្បីគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់និស្សិតបន្តការសិក្សានៃប្រទេសចិន។

តាមការពិត ចាប់ពីរដ្ឋាភិបាលអាមេរិកអាណត្តិនេះ ឡើងកាន់មុខតំណែងមក វិធានការដាក់កំហិតទៅលើនិស្សិតអន្តរជាតិ ជាពិសេសនិស្សិតចិនបានដាក់ចេញជាបន្តបន្ទាប់។ លើកនេះភាគីអាមេរិកលុបចោលទិដ្ឋការរបស់និស្សិត បន្តការសិក្សានៃប្រទេសចិនដោយគ្មានហេតុផល បូករួមទាំងទិដ្ឋការរបស់និស្សិត “ដែលមានទំនាក់ទំនងជាមួយនឹង រដ្ឋាភិបាលចិនឬរៀនសូត្រក្នុងវិស័យសំខាន់ៗ” គឺជាទង្វើកាន់តែហួសហេតុដែលយកមនោគមវិជ្ជា និងសន្តិសុខជាតិធ្វើជាលេសនិងជំរុញការផ្តាច់ទំនាក់ទំនង ខាងការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិននិងអាមេរិក។

មិនត្រឹមតែសំដៅចំពោះប្រទេសចិន ប៉ុណ្ណោះទេ សកម្មភាព “បិទខ្ទប់លើវិស័យអប់រំ”របស់អាមេរិកលើកនេះបានតម្រង់មកលើ ពិភពលោកទាំងមូល។ តាមដំណឹងថ្មីបំផុតឱ្យដឹងថា ក្រសួងការបរទេសអាមេរិកបានផ្អាកសំណើថ្មីដែលសុំទិដ្ឋការ របស់និស្សិតបរទេសនិងបញ្ញវន្តបំពេញទស្សនកិច្ចទាំងអស់ហើយ ។ តាមបណ្តាញទំនាក់ទំនងសង្គមនៅបរទេស និស្សិតរបស់ប្រទេសនានាបាននាំគ្នាតវ៉ាចំពោះរដ្ឋាភិបាលអាមេរិក ដែលបំផ្លាញដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ សកលវិទ្យាល័យដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិកដូចជា សកលវិទ្យាល័យ Harvard វិទ្យាស្ថាន MIT និងសកលវិទ្យាល័យរដ្ឋ California ជាដើមបានដាក់ពាក្យបណ្តឹងប្ដឹង រដ្ឋាភិបាលអាមេរិកជាបន្តបន្ទាប់ ដោយឡែកសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដូចជា ក្រុមហ៊ុន Apple ក្រុមហ៊ុន Google និងក្រុមហ៊ុន Microsoft ជាដើមក៏បានព្រមានថា ការរឹតបន្ដឹងទៅលើទិដ្ឋការនឹងកាត់បន្ថយសមត្ថភាពច្នៃប្រឌិតថ្មី របស់សហរដ្ឋអាមេរិក ។ល។

អ្វីដែលកាន់តែសំខាន់គឺ ការអប់រំជាសសរទ្រទ្រង់ដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងអតិរេកពាណិជ្ជកម្មសេវាកម្មរបស់អាមេរិក ។ ប្រព័ន្ធសារព័ត៌មានអូស្ត្រាលីបានលើកឡើងថា ខណៈពេលដែលសហរដ្ឋអាមេរិកមិនអាចទាក់ទាញ ធនធានមនុស្សដែលឈ្លាសវៃបំផុត និងឆ្នើមបំផុត សូម្បីតែធនធានមនុស្សរបស់អាមេរិកក៏រត់ចេញទៅកាន់ កន្លែងដែលកាន់តែមានឱកាសទទួលបាន ជំនួយនិងគ្មានហានិភ័យត្រូវបណ្តេញដែរ នោះសមត្ថភាពផលិតកម្មរបស់អាមេរិក នឹងរងការបំផ្លាញកាន់តែខ្លាំងឡើងៗ។

ប្រវត្តិសាស្ត្របានបញ្ជាក់ថា ប្រទេសខ្លាំងក្លាពិតប្រាកដ គឺមិនមែនបង្កើតឡើងដោយសារការបិទខ្ទប់ និងរើសអើងបរទេសនោះទេ ។ ការរារាំងនិស្សិតអន្តរជាតិ ដែលបូករួមទាំងនិស្សិតចិនផងដែរនោះ គឺជាទង្វើរបស់អាមេរិកដែលកំពុងតែបំផ្លាញផលប្រយោជន៍ខ្លួន ។ ពេលធនធានមនុស្សទូទាំងពិភពលោកលែងចោល ក្រសែភ្នែកទៅកាន់សហរដ្ឋអាមេរិក អ្វីដែលហៅថា “នាំឱ្យសហរដ្ឋអាមេរិកមាន ភាពមហិមាឡើងវិញ”វាមានតែនឹង “ដាក់ឱ្យសហរដ្ឋអាមេរិកនៅឯកោ” តែប៉ុណ្ណោះ៕

វិទ្យុមិត្តភាពកម្ពុជាចិន