(ញូវដែលី)៖ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌាម្នាក់ បាននិយាយថា ប៉ូលិសបានចាប់ខ្លួនមនុស្សជាច្រើននាក់ ទាក់ទងនឹងការបង្ហាញក្តីអាណិតអាសូរចំពោះប៉ាគីស្ថាន ដោយការចាប់ខ្លូននេះកើតមានឡើងមួយខែ បន្ទាប់ពីជម្លោះដ៏អាក្រក់រវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ ២០២៥។
ពួកគេត្រូវបានចាប់ខ្លួននៅរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា ជាទីដែលអភិបាលរដ្ឋ លោក Himanta Biswa Sarma និយាយថា «អ្នកប្រឆាំងជាតិចំនួន ៨១នាក់ ឥឡូវនេះត្រូវបានឃុំឃាំង សម្រាប់ក្តីអាណិតអាសូររបស់ពួកគេជាមួយប៉ាគីស្ថាន»។ លោក Sarma មកពីគណបក្សកាន់អំណាចជាតិនិយមហិណ្ឌូ របស់លោកនាយករដ្ឋមន្ត្រី Narendra Modi គូសបញ្ជាក់ទៀតថា «យើងកំពុងតាមដានការបង្ហោះសារប្រឆាំងជាតិ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ហើយចាត់វិធានការ»។
ប៉ូលិសរដ្ឋ Assam បានប្រាប់ AFP ថា មនុស្សម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន បានបង្ហោះរូបទង់ជាតិប៉ាគីស្ថាន នៅលើគណនី Instagram។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ទីភ្នាក់ងារប្រឆាំងភេរវកម្មឥណ្ឌា កាលពីខែឧសភា បានចាប់ខ្លួនមន្ត្រីទាហានប៉ារ៉ាម្នាក់ ពីបទធ្វើចារកម្មឱ្យប៉ាគីស្ថាន ខណៈអាជ្ញាធរបានចាប់ខ្លួនមនុស្ស ១០នាក់ផ្សេងទៀត ពីបទចារកម្មនៅក្នុងខែដដែលនោះ៕
គួរបញ្ជាក់ថា នៅឥណ្ឌា មានការរឹតត្បិតកាន់តែទូលំទូលាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី២២ ខែមេសា ទៅលើអ្នកទេសចរនៅក្នុងតំបន់ Kashmir ប៉ែកខាងឥណ្ឌាគ្រប់គ្រង៕