(អ៊ីស្តង់ប៊ុល)៖ មន្ត្រីរុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមកិច្ចចរចាសន្តិភាពដោយផ្ទាល់ជុំទីពីររបស់ពួកគេ ចាប់តាំងពីឆ្នាំ ២០២២ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ដោយគ្មានសញ្ញាណាមួយបង្ហាញថា ពួកគេខិតទៅជិតកិច្ចព្រមព្រៀងនោះទេ។ ការចរចានេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងកៀវបានវាយប្រហារលើយន្តហោះទម្លាក់គ្រាប់បែកមានសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥។
កិច្ចពិភាក្សាដែលធ្វើឡើងនៅវិមាន Ciragan ក្នុងក្រុងអ៊ីស្តង់ប៊ុល ត្រូវបានគេរំពឹងថា នឹងផ្តោតលើគំនិតរៀងៗខ្លួនរបស់ភាគីទាំងពីរសម្រាប់បទឈប់បាញ់ពេញលេញ និងផ្លូវឆ្ពោះទៅរកសន្តិភាពយូរអង្វែង។ លោក វ្ល៉ាឌីមៀ មេឌីនស្គី (Vladimir Medinsky) ប្រធានគណៈប្រតិភូរុស្ស៊ី បាននិយាយថា រុស្ស៊ីបានទទួលសេចក្តីព្រាងអនុស្សរណៈរបស់អ៊ុយក្រែនហើយ ហើយនឹងបង្ហាញសេចក្តីព្រាងកិច្ចព្រមព្រៀងរបស់ខ្លួន រួមទាំងសំណើបទឈប់បាញ់ដែលមិនបានបញ្ជាក់។ គណៈប្រតិភូអ៊ុយក្រែន ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov។
គួរបញ្ជាក់ថា កិច្ចចរចាដោយផ្ទាល់ចុងក្រោយរវាងភាគីទាំងពីរ បានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលដែរ កាលពីថ្ងៃទី១៦ ខែឧសភា ដែលពេលនោះបានត្រឹមតែសម្រេចបានការដោះដូរអ្នកទោសសង្គ្រាមទ្រង់ទ្រាយធំ ប៉ុន្តែមិនមានការព្រមព្រៀងលើបទឈប់បាញ់ ឬសន្តិភាពទូទៅនោះទេ។ ភាគីទាំងពីរស្ថិតក្រោមសម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានគំរាមបញ្ឈប់តួនាទីសម្រុះសម្រួល ប្រសិនបើគ្មានវឌ្ឍនភាព។
ទោះបីជាមានការចាប់ផ្តើមជុំថ្មីនៃកិច្ចចរចាក៏ដោយ គម្លាតដ៏ធំរវាងគោលជំហររបស់រុស្ស៊ី និងអ៊ុយក្រែន នៅតែជាឧបសគ្គចម្បងក្នុងការឈានទៅដល់ដំណោះស្រាយសន្តិភាពចំពោះសង្គ្រាមដែលអូសបន្លាយជាងបីឆ្នាំនេះ៕