(សេអ៊ូល)៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ នៅក្នុងប្រទេសកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃពុធ ទី៤ ខែមិថុនា ថាបានជាប់ឆ្នោតជា ប្រធានាធិបតីថ្មី បន្ទាប់ពីបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលមុនអាណត្តិកាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Lee Jae-myung បានទទួលជ័យជម្នះលើគូប្រជែងរបស់លោក គឺលោក Kim Moon-soo មកពីគណបក្សអំណាចប្រជាជនដែលជាអតីតបក្សអភិរក្សនិយមរបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol។ បើតាមគណៈកម្មការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង លោក Lee ទទួលបានសំឡេងគាំទ្រ ៤៩.៤២ភាគរយ រីឯលោក Kim ទទួលបានសំឡេងគាំទ្រ ៤១.១៥ភាគរយ។ «គណៈកម្មការរៀបចំការបោះឆ្នោតសូមបញ្ជាក់ថាលោក Lee Jae-myung នៃគណបក្សប្រជាធិបតេយ្យបានជាប់ឆ្នោតជាប្រធានាធិបតី»។ នេះជាការគូសបញ្ជាក់របស់ប្រធានគណៈកម្មការរៀបចំ ការបោះឆ្នោតកូរ៉េខាងត្បូង លោក Roh Tae-ak។ អាណត្តិរបស់លោក Lee នឹងត្រូវចាប់ផ្ដើមភ្លាមៗ ក្រោយគណៈកម្មការរៀបចំការបោះឆ្នោត ផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតជាផ្លូវការ នៅព្រឹកថ្ងៃពុធនេះ។
ក្រោយការប្រកាសលទ្ធផលផ្លូវការ លោក Kim Moon-soo ក៏បានទទួលស្គាល់បរាជ័យ និងលទ្ធផលបោះឆ្នោតផងដែរ។
* តើលោក Lee Jae-myung ជានរណា?
លោក Lee Jae-myung កើតនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៦៣ ក្នុងទីក្រុង Andong នៃខេត្ត Gyeongsang ភាគខាងជើង (North Gyeongsang) របស់កូរ៉េខាងត្បូង។ លោកកើតក្នុងគ្រួសារក្រីក្រមួយ និងជាកូនទី៥ ក្នុងចំណោមកូន ៧នាក់។ លោក Lee មានឪពុកម្ដាយជាអ្នកសម្អាតបន្ទប់ទឹកសាធារណៈ ហើយរូបលោកផ្ទាល់បានចំណាយពេលជាយុវជនអស់ជាច្រើនឆ្នាំ ដោយធ្វើការជាកម្មករក្រីក្រ តោកយ៉ាកម្នាក់នៅឯរោងចក្រមួយកន្លែង នៅពេលដែលគ្រួសាររបស់លោកបានផ្លាស់ទីលំនៅទៅរស់នៅក្នុងទីក្រុង Seongnam ជាទីក្រុងរណបមួយរបស់រដ្ឋធានីសេអ៊ូល។ ក្នុងពេលធ្វើជាកម្មករ លោកបានរងរបួសជាច្រើនលើក និងស្ទើរតែបាត់បង់ដៃឆ្វេងរបស់លោក។
លោក Lee បានប្រឹងប្រែងរកលុយបណ្ដើរ និងរៀនបណ្ដើរ រហូតដល់ប្រឡងជាប់អាហាររូបករណ៍ចូលរៀនមហាវិទ្យាល័យច្បាប់នៅឯសាកលវិទ្យាល័យ Chung-Ang។ នៅឆ្នាំ១៩៨៦ លោកបានប្រឡង ជាប់ធ្វើជាមេធាវី និងបានចាប់ផ្ដើមអាជីពជាមេធាវីការពារសិទ្ធិមនុស្ស ដោយផ្ដោតជាសំខាន់លើសិទ្ធិរបស់កម្មករ និងយុត្តិធម៌សង្គម។ លោក Lee បានប្រឡូកចូលនយោបាយនៅទសវត្សរ៍ឆ្នាំ២០០០ ហើយបានក្លាយជាចៅហ្វាយក្រុង Seongam នៅឆ្នាំ២០១០។ ក្រោយមកទៀត លោកបានចូលរួមប្រកួតប្រជែងយកតំណែងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យក្នុងឆ្នាំ២០១៧ ដោយជាប់នៅលេខរៀងទី៣។ លោកបានជាប់ឆ្នោតជាអភិបាលខេត្ត Gyeonggi នៅឆ្នាំ២០១៨។ នៅក្នុងខេត្ត Gyeonggi ដែលជាខេត្តធំជាងគេរបស់កូរ៉េខាងត្បូងនេះហើយ លោក Lee បានបន្តកសាងកេរិ៍ឈ្មោះក្នុងនាមជាអ្នកនយោបាយប្រជានិយម ជាមួយការសម្រេចបាននូវកម្មវិធីសុខមាភាពសង្គមធំៗមួយចំនួន។
នៅឆ្នាំ២០២២ លោកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីសាជាថ្មី តែបានចាញ់ក្រោមថ្វីដៃរបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol ជាមួយគម្លាតគាំទ្រត្រឹមតែ ០.៧៣ភាគរយ ប៉ុណ្ណោះ។ កាលពីដើមឆ្នាំ២០២៤ លោកត្រូវបានខ្មាន់កាំបិតម្នាក់ចាក់ឱ្យរបួសត្រង់ក អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្នុងទីក្រុង Busan។ លោក Lee បច្ចុប្បន្នក៏កំពុងប្រឈមមុខនឹងរឿងក្ដីក្ដាំ ផងដែរ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការរំលោភបំពានលើច្បាប់បោះឆ្នោត។ កាលពីខែមីនា សាលាឧទ្ធរណ៍ក្នុងទីក្រុងសេអ៊ូលបានសម្រេចឱ្យលោក Lee ឈ្នះក្ដី តែតុលាការកំពូលបានចេញសាលក្រម លុបលើសាលក្រមសម្រេចរបស់សាលាឧទ្ធរណ៍កាលពីខែឧសភា។ សំណុំរឿងនេះគ្រោងនឹងត្រូវបានកាត់ក្ដីសាជាថ្មី នៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។ មិនតែប៉ុណ្ណោះ លោកក៏កំពុងប្រឈមមុខនឹង សវនាការដាច់ដោយឡែកមួយទៀត ជុំវិញការចោទប្រកាន់ពីបទពុករលួយ និងស៊ីសំណូកផងដែរ។
គួរបញ្ជាក់ថា និយាយពីគោលនយោបាយការបរទេស លោក Lee Jae-myung ជាមនុស្សម្នាក់ដែលសង្កត់ធ្ងន់លើវិធីសាស្ត្រប្រាកដនិយមចំពោះទំនាក់ទំនងអន្តរជាតិ។ លោកចង់ផ្សះផ្សាទំនាក់ទំនង ឡើងវិញជាមួយកូរ៉េខាងជើង។ លោក Lee បាននិយាយថាសម្ព័ន្ធភាពរបស់ទីក្រុងសេអ៊ូលជាមួយសហរដ្ឋអាមេរិក និងភាពជាដៃគូត្រីភាគីជាមួយអាមេរិក និងជប៉ុនដែលសម្រេចបានដោយលោក Yoon មានសារៈសំខាន់បំផុត តែលោកបានសន្យាថានឹងគិតគូរជាអាទិភាពលើផលប្រយោជន៍របស់កូរ៉េខាងត្បូង។ តាមលោក Lee សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង ហើយចិនជា ដៃគូយុទ្ធសាស្ត្រ។ ដូច្នេះលោកនឹងជំរុញឱ្យសហរដ្ឋអាមេរិក និងចិនធ្វើកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងជាជាងធ្វើការជ្រើសរើសយកមួយរវាងមហាអំណាចទាំង២៕