(ឡុងដ៍)៖ ចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារ ទី៣ ខែមិថុនា បានសន្យាផ្ដល់ដ្រូន ១០០ ០០០គ្រឿងទៅឱ្យអ៊ុយក្រែននៅត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីបាននិយាយថាដ្រូនបានផ្លាស់ប្ដូរ មធ្យោបាយធ្វើសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានអនុម័តលើគោលនយោបាយការពារជាតិ Strategic Defence Review ដែលអំពាវនាវឱ្យបង្កើនការទប់ទល់នឹងការគំរាមកំហែង ក្នុងនោះរួមទាំងលទ្ធភាពនៃការឈ្លានពានពីរុស្ស៉ី។ ចក្រភពអង់គ្លេសដែលជាអ្នកគាំទ្រដ៏សំខាន់មួយក្នុងចំណោមអ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែន មានផែនការរៀនសូត្រពីរបៀបដែលអ៊ុយក្រែន បាន និងកំពុងធ្វើសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ីជាង ៣ឆ្នាំមកនេះ ជាពិសេសផ្តោតលើបច្ចេកវិទ្យាដ្រូនដែលទីក្រុងឡុងដ៍មើលឃើញថាកំពុងផ្លាស់ប្ដូរមធ្យោបាយធ្វើសង្រ្គាម។

តាមរដ្ឋាភិបាលអង់គ្លេស ការផ្ដល់ដ្រូនខាងលើគិតជាទឹកប្រាក់ស្មើនឹង ៣៥០លានផោន ឬ ៤៧៣លានដុល្លារឱ្យអ៊ុយក្រែន គឺជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាទំហំ ៤.៥ពាន់លានផោនសម្រាប់ អ៊ុយក្រែន។ បន្ថែមពីលើការផ្ដល់ដ្រូន ចក្រភពអង់គ្លេសក៏បានឱ្យដឹងដែរថាខ្លួនបានបញ្ជូនគ្រាប់កាំភ្លើងធំ ១៤០ ០០០គ្រាប់ទៅឱ្យអ៊ុយក្រែន ចាប់តាំងពីខែមករាមក ហើយនឹងចំណាយបន្ថែម ២៤៧លានផោនក្នុងឆ្នាំនេះ ដើម្បីបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែន៕