(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយវៀតណាម នៅថ្ងៃពុធ ទី៤ ខែមិថុនា បានរាយការណ៍ថាវៀតណាមបានលុបចោលគោលនយោបាយកូន២ ខណៈគណបក្សកម្មុយនិស្ដកំពុងព្យាយាមដោះស្រាយការធ្លាក់ចុះ អត្រាកំណើត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (Vietnam News Agency) ចាប់ពីឥលូវនេះទៅ ការសម្រេចចិត្តថាចង់បានកូននៅពេលណា ឬប៉ុន្មាននាក់ គឺអាស្រ័យទៅលើគូស្វាមីភរិយាម្នាក់ៗ។ វៀតណាម បានប្រឈមនឹងការធ្លាក់ចុះអត្រាកំណើតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ជាមួយអត្រាលទ្ធភាពមានកូនរបស់ស្ត្រីម្នាក់បានធ្លាក់ចុះមកនៅត្រឹម ១.៩១នាក់ កាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលវៀតណាមក្នុងឆ្នាំ២០២៥នេះ។
ស្ត្រីម្នាក់ឈ្មោះ Tran Minh Huong មានអាយុ ២២ឆ្នាំ បានប្រាប់ AFP ថាការសម្រេចចិត្តរបស់រដ្ឋាភិបាលវៀតណាមមានឥទ្ធិពលតិចតួចលើរូបនាង ដោយសារតែនាងមិនមានគម្រោងយកកូនឡើយ។ «បើទោះជាខ្ញុំគឺជាជនជាតិអាស៊ីដែលកត្តាសង្គមថាស្ត្រីត្រូវតែរៀបការ និងមានកូនក៏ដោយ តែវាត្រូវចំណាយច្រើនណាស់ដើម្បីចិញ្ចឹមកូនម្នាក់»។
គួរបញ្ជាក់ថា នៅវៀតណាម អត្រាលទ្ធភាពមានកូនសម្រាប់ស្ត្រីម្នាក់បានធ្លាក់ចុះពី ២.១១នាក់ ក្នុងឆ្នាំ២០២១ មកនៅត្រឹម ២.០១នាក់ ក្នុងឆ្នាំ២០២២ និង១.៩៦នាក់ ក្នុងឆ្នាំ២០២៣។ នៅក្រោមច្បាប់ចាស់ វៀតណាមអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនមានកូនតែ ម្នាក់ ឬ២នាក់ប៉ុណ្ណោះក្នុងមួយគ្រួសារ លើកតែក្នុងករណីពិសេស៕