(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី៤ ខែមិថុនា បានចាប់ផ្តើមអនុវត្តជាផ្លូវការនូវការយកពន្ធគយ៥០ភាគរយ លើដែកថែបនិងអាលុយមីញ៉ូមដែលនាំចូល ខណៈវាជាការដំឡើងទ្វេដង ពីអត្រាចាស់២៥ភាគរយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា ចំណាត់ការខាងលើ មានគោលដៅការពារឧស្សាហកម្មអាមេរិក ពីការលក់បង្ខូចតម្លៃរបស់បរទេស និងឆ្លើយតបក្តីកង្វល់ពាក់ព័ន្ធសន្តិសុខជាតិ។ ស្របពេលចក្រភពអង់គ្លេស ទទួលការលើកលែង គឺបន្តរងការយកពន្ធត្រឹម២៥ភាគរយដដែល ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីថ្មី ដែលសម្រេចបានកន្លងទៅនេះ ដៃគូពាណិជ្ជកម្មធំៗដទៃទៀតរបស់អាមេរិក ជាពិសេសកាណាដានិងម៉ិកស៉ិក ឥឡូវត្រូវរងការពន្ធយកពេញ ៥០ភាគរយ។

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តអាមេរិកមួយចំនួន បានថ្កោលទោសការដំឡើងពន្ធខ្ពស់ខាងលើ និងបានព្រមានអំពីការរំខានចំពោះសេដ្ឋកិច្ច រួមទាំងវិធានការឆ្លើយតប ដើម្បីសងសឹកវិញ។ ក្រុមអ្នកជំនាញសេដ្ឋកិច្ច ក៏បានលើកឡើងអំពីក្តីបារម្ភថា វានឹងអាចនាំទៅរកការបាត់បង់ការងារ នៅតាមឧស្សាហកម្ម ដែលពឹងផ្អែកលើការនាំចូលលោហៈទាំងនេះ ផងដែរ៕