(តូក្យូ)៖ នៅថ្ងៃពុធ ទី៤ ខែមិថុនា ក្រសួងសុខាភិបាលជប៉ុន បានបង្ហាញទិន្នន័យឱ្យឃើញថា ចំនួនកំណើតទារកកាលពីឆ្នាំ២០២៤ បានថយចុះ៥.៧ភាគរយ ធៀបទៅនឹងឆ្នាំ២០២៣ ពោលគឺធ្លាក់មកនៅត្រឹម៦៨៦ ០៦១នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
វាគឺជាលើកដំបូងបំផុត ដែលអត្រាកំណើតប្រចាំឆ្នាំ បានធ្លាក់ក្រោម៧០០ ០០០នាក់បែបនេះ គិតចាប់តាំងពីការស្រង់ស្ថិតិ បានចាប់ផ្តើមកាលពីឆ្នាំ១៨៩៩មក។ បើតាមការព្យាករ ចំនួនប្រជាជនជប៉ុន ដែលសព្វថ្ងៃសម្បូរមនុស្សវ័យចំណាស់ច្រើន អាចបន្តធ្លាក់ចុះមកដល់៨៧លាននាក់ នៅ២០៧០ ហើយ៤០ភាគរយ ក្នុងចំណោមនោះ ជាមនុស្សមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។ បច្ចុប្បន្ន ជប៉ុនមានប្រជាជនខ្ទង់១២៤លាននាក់។
គួរបញ្ជាក់ថា ស្ថានភាពប្រជាសាស្រ្តរបស់ជប៉ុន គូសរំលេចឱ្យឃើញនូវ ភាពចាំបាច់បន្ទាន់ឱ្យប្រទេសអាស៉ីមួយនេះ ត្រូវបន្តប្រឹងប្រែង អនុវត្តគោលនយោបាយមានប្រសិទ្ធភាព ដែលអាចជួយជំរុញអត្រាកំណើតឱ្យឡើងខ្ពស់ ហើយគាំទ្ររចនាសម្ព័ន្ធប្រជាជនមួយ ដែលមាននិរន្តរភាព។ នៅលើពិភពលោក ជប៉ុនជាប់ចំណាត់ថ្នាក់ជាប្រទេសលេខ២ ដែលមានប្រជាជនចាស់ៗច្រើន គឺបន្ទាប់ពីម៉ូណាកូ ដែលជាប្រទេសតូចមួយ មានប្រជាជនត្រឹម៤ម៉ឺននាក់៕