(តេហេរ៉ង់)៖ នៅថ្ងៃពុធ ទី៤ ខែមិថុនា មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា សំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ គឺប្រឆាំងផលប្រយោជន៍ជាតិរបស់ទីក្រុងតេហេរ៉ង់ ហើយអ៉ីរ៉ង់នឹងគ្មានថ្ងៃបោះបង់ចោល ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការចម្រាញ់អ៊ុយរ៉ាញ៉ូមបានក្លាយជាបញ្ហាស្នូល នៅក្នុងកិច្ចប្រឹងប្រែងចរចាគ្នារវាងអ៉ីរ៉ង់និងអាមេរិក។ លោក Khamenei បានសង្កត់ធ្ងន់ថា ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅតែបន្តជាកូនសោដ៏សំខាន់ សម្រាប់កម្មវិធីនុយក្លេអ៊ែរបស់ប្រទេសអ៉ីរ៉ង់។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ្នកការទូតអ៉ីរ៉ង់ម្នាក់បានបង្ហើបប្រាប់ Reuters ថា ទីក្រុងតេហេរ៉ង់ នឹងច្រានចោលសំណើរបស់អាមេរិក ក្រោមហេតុផលថា វាជាចំណុចមិនអាចទទួលយកបានដាច់ខាត ហើយបរាជ័យក្នុងការបន្ទន់ជំហររបស់ទីក្រុងវ៉ាស៉ីនតោន ជុំវិញបញ្ហាចម្រាញ់អ៊ុយរ៉ាញ៉ូម ឬឆ្លើយតបចំពោះផលប្រយោជន៍របស់ទីក្រុងតេហេរ៉ង់។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍ព័ត៌មាន សំណើរបស់អាមេរិក មានបំណងផ្តល់ការដកទណ្ឌកម្មចំពោះអ៉ីរ៉ង់ ជាថ្នូរឱ្យអ៉ីរ៉ង់រឹតត្បិតជាខ្លាំងលើការចម្រាញ់អ៊ុយរ៉ាញ៉ូម។ ចំណុចចម្បងមួយនៃសំណើនោះ គឺរួមមានការបង្កើតសមាគមក្រុមហ៊ុនចម្រាញ់អ៊ុយរ៉ាញ៉ូម នៅក្រៅប្រទេសអ៉ីរ៉ង់ ដែលអាចរួមមានប្រទេសដូចជាអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតា។ នៅក្រោមការរៀបចំនេះ អ៉ីរ៉ង់នឹងកាន់កាប់ភាគហ៊ុនមួយចំណែក ប៉ុន្តែនឹងមិនអាចចម្រាញ់អ៊ុយរ៉ាញ៉ូម នៅលើទឹកដីខ្លួនផ្ទាល់ឡើយ។ អ៉ីរ៉ង់បានបង្ហាញភាពបើកចំហ ចំពោះគំនិតចូលរួមក្នុងសមាគមបែបនោះ ប្រសិនបើការចម្រាញ់អ៊ុយរ៉ាញ៉ូម ស្ថិតក្នុងទឹកដីអ៉ីរ៉ង់។

អ៉ីរ៉ង់ធ្លាប់បានអះអាងម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែបម្រើគោលដៅស៉ីវិលប្រកបដោយសន្តិភាពប៉ុណ្ណោះ ហើយបានបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់ថា ខ្លួនមានមហិច្ឆតាចង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕