(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម បានឱ្យដឹងនៅថ្ងៃពុធ ទី៤ ខែមិថុនានេះថា ការនាំចេញរបស់វៀតណាមក្នុងខែឧសភា បានកើនឡើង ១៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ដោយមានអតិរេកពាណិជ្ជកម្មចំនួន ៤.៦៧ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋាភិបាលវៀតណាម បានឱ្យទៀតថា តម្លៃអ្នកប្រើប្រាស់ជាមធ្យម អំឡុងខែមករាដល់ខែឧសភា បានកើនឡើង ៣.២១ភាគរយធៀបនឹងឆ្នាំមុន ខណៈផលិតកម្មឧស្សាហកម្មកើនឡើង ៨.៨ភាគរយ ហើយការលក់រាយកើនឡើង ៩.៧ភាគរយ។ លំហូរនៃការវិនិយោគបរទេស អំឡុងខែមករាដល់ខែឧសភា ​បាន​កើន​ឡើង ៧.៩ភាគរយ ​ដល់ចំនួន ៨.៩ពាន់​លាន​ដុល្លារ។ ការ​សន្យា​វិនិយោគ​បរទេស​ក្នុង​រយៈពេល​នេះ​ បាន​កើន​ឡើង ៥១.១ភាគរយ​ដល់ ១៨.៤ពាន់​លាន​ដុល្លារ។

គួរបញ្ជាក់ថា បណ្តាក្រុមហ៊ុននៅក្នុងប្រទេសអាស៊ាន បាននិងកំពុងស្វែងរកការជំរុញការនាំចេញ មុនពេលអត្រាពន្ធបដិការ របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ចូលជាធរមាននៅខែកក្កដា៕