(ហ្សាកាតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីមានសុទិដ្ឋិនិយមថា កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកាត់បន្ថយភាពក្រីក្រខ្លាំងនឹងទទួលបានជោគជ័យ ហើយចំនួនប្រជាជនដែលរស់នៅក្នុងស្ថានភាពបែបនេះនឹងត្រូវបានលុបបំបាត់យ៉ាងយូរត្រឹមឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥។
លោក អ៉ះម៉ាត់ ម៉ូឡានី (Achmad Maulani) ទីប្រឹក្សាពិសេសរបស់រដ្ឋមន្ត្រីសម្របសម្រួលទទួលបន្ទុកពង្រឹងសហគមន៍ បានមានប្រសាសន៍ថា ប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់ភាពក្រីក្រខ្លាំង ដែលបច្ចុប្បន្នប៉ះពាល់ដល់ប្រជាជន ៣,១៧ លាននាក់ តាមរយៈការចេញសេចក្តីណែនាំប្រធានាធិបតីចំនួនពីរលើបញ្ហានេះ នៅឆមាសទីមួយ ឆ្នាំ២០២៥។
ថ្លែងនៅក្នុងវេទិកា Bisnis Indonesia ស្តីពីការកាត់បន្ថយភាពក្រីក្រតាមរយៈការផ្តល់អំណាចដល់សហគមន៍ដោយផ្អែកលើសហគ្រិនភាពសង្គម លោកបានបញ្ជាក់ថា «ភាពក្រីក្រខ្លាំងនឹងត្រូវបានបញ្ចប់នៅឆ្នាំ២០២៦ ពីព្រោះយើងបានគណនាថា (បញ្ហាប្រជាជន) ៣,១៧ លាននាក់ អាចនឹងត្រូវបានដោះស្រាយបាន»។
លោក អ៉ះម៉ាត់ បានកត់សម្គាល់បន្ថែមថា មានយុទ្ធសាស្ត្រគោលនយោបាយយ៉ាងហោចណាស់បី ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង រួមមាន ទីមួយ កាត់បន្ថយបន្ទុកចំណាយរបស់សហគមន៍ ទីពីរ បង្កើនប្រាក់ចំណូលរបស់សហគមន៍ និងទីបី កាត់បន្ថយចំនួនតំបន់ក្រីក្រប្រមូលផ្តុំ៕