(តំបន់ហ្គាហ្សា)៖ មូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលគាំទ្រដោយអាមេរិក បានផ្អាកការចែកចាយជំនួយនៅថ្ងៃពុធនេះ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបង្កើនការធានាសុវត្ថិភាពជនស៊ីវិល បន្ទាប់ពីជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបានសម្លាប់នៅកន្លែងទទួលជំនួយក្នុងសប្តាហ៍នេះ។ នេះបើតាម Reuters ដែលបានចុះផ្សាយនៅថ្ងៃទី៤ មិថុនា។

GHF បានស្នើឲ្យយោធាអ៊ីស្រាអែលណែនាំចរាចរណ៍ថ្មើរជើង កាត់បន្ថយហានិភ័យ និងបង្កើនការបណ្តុះបណ្តាលដើម្បីសុវត្ថិភាពជនស៊ីវិល។ មន្ត្រីមន្ទីរពេទ្យរាយការណ៍ថា មនុស្សជាង ៨០នាក់ត្រូវបានបាញ់សម្លាប់ និងរាប់រយនាក់រងរបួសនៅកន្លែងចែកចាយជំនួយក្នុងរយៈពេលបីថ្ងៃ។

ប្រជាជនក្នុងតំបន់និយាយថា ទាហានអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្ស ដែលបានប្រមូលផ្តុំគ្នាមុនពេលថ្ងៃរះដើម្បីស្វែងរកស្បៀងអាហារ។ យោធាអ៊ីស្រាអែលបានបដិសេធការអះអាងនេះ ប៉ុន្តែបានទទួលស្គាល់កាលពីថ្ងៃអង្គារថា ទាហានរបស់ខ្លួនបានបាញ់ទៅលើ «ជនសង្ស័យ» ដែលបានមិនអើពើនឹងការបាញ់ព្រមាន និងកំពុងខិតជិតមកដល់ខ្សែបន្ទាត់របស់ពួកគេ។

អ្នកនាំពាក្យ GHF ម្នាក់បាននិយាយថា «អាទិភាពកំពូលរបស់យើងនៅតែជាការធានាសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនស៊ីវិលដែលទទួលជំនួយ»។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលម្នាក់បានព្រមានជនស៊ីវិលនៅថ្ងៃពុធនេះ មិនឲ្យធ្វើដំណើរទៅកាន់តំបន់ដែលនាំទៅដល់ទីតាំងរបស់ GHF ដោយចាត់ទុកតំបន់ទាំងនោះថាជា «តំបន់ប្រយុទ្ធ»។

ដំណើរការចែកចាយជំនួយថ្មីសម្រាប់ប្រជាជនជាងពីរលាននាក់នៅតំបន់ហ្គាហ្សា ត្រូវបានចាប់ផ្តើមឡើងចំពេលដែលមានការវាយលុកថ្មីយ៉ាងសាហាវពីសំណាក់អ៊ីស្រាអែល ចាប់តាំងពីចុងខែមុនមក។ អង្គការសហប្រជាជាតិ និងក្រុមផ្តល់ជំនួយផ្សេងទៀតនិយាយថា គំរូនៃការចែកចាយនេះ ដែលប្រើប្រាស់បុគ្គលិកសន្តិសុខ និងភស្តុភារឯកជនរបស់សហរដ្ឋអាមេរិក គឺជាការធ្វើឲ្យជំនួយមានលក្ខណៈយោធា។

គួរបញ្ជាក់ថា អំពើហិង្សានៅតែបន្ត ដោយក្រសួងសុខាភិបាលហ្គាហ្សារាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៩៥នាក់ក្នុង ២៤ម៉ោងចុងក្រោយ រួមទាំងស្ត្រីនិងកុមារនៅសាលារៀនមួយ។ ហើយអ៊ីស្រាអែលក៏ប្រកាសពីការស្លាប់ទាហានម្នាក់បន្ថែមទៀត ខណៈបន្តប្រតិបត្តិការកម្ចាត់ក្រុមហាម៉ាស់ និងដោះលែងចំណាប់ខ្មាំង៕