(កៀវ)៖ អភិបាលតំបន់ លោក Oleh Syniehubov បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនានេះថា យន្តហោះដ្រូនរបស់រុស្ស៉ី បានវាយប្រហារប្លុកអគារលំនៅដ្ឋាន ក្នុងទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន បង្កជាអគ្គីភ័យ និងរបួសមនុស្សចំនួន ១៧ នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អភិបាលក្រុង Kharkiv លោក Ihor Terekhov បាននិយាយថា ការវាយប្រហារកាលពីម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ បណ្តាលឱ្យខូចខាតអគារលំនៅដ្ឋានចំនួន ៧ ក្នុងនោះ ២អគាររងការវាយប្រហារដោយផ្ទាល់។ លោកថា ដ្រូន​មួយ​គ្រឿង​បាន​ទម្លុះជាន់ទី ១៧នៃ​អគារ​ រីឯមួយ​ទៀត​នៅ​ជាន់​ទី ២។ ភ្លាមៗ Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មានបានទេ ខណៈមិនទាន់មានសេចក្តីរាយការណ៍ពីសំណាក់ភាគីរុស្ស៉ី។

គួរបញ្ជាក់ថា ទីក្រុង Kharkiv ស្ថិតនៅភាគខាងជើងអ៊ុយក្រែន ចម្ងាយ ៣០គីឡូម៉ែត្រពីព្រំដែនរុស្ស៉ី ហើយត្រូវបានកំណត់គោលដៅវាយប្រហារជាញឹកញាប់ ដោយដ្រូន និងមីស៉ីល ក្នុងសង្រ្គាមជាង ៣ឆ្នាំរបស់រុស្ស៉ី៕