(ពោធិ៍សាត់)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ផលិតផលធានារ៉ាប់រងអាយុជីវិត» ជូនដល់សាធារណជន ក្នុងខេត្តពោធិ៍សាត់។
សិក្ខាសាលាផ្សព្វផ្សាយនេះ បានរៀបចំឡើងក្រោមអធិបតីភាពលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ (ន.ធ.ក.) និងលោក គិត សុផា អភិបាលរងខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពី តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត, គ្រឹះស្ថានឯកជន, សិស្សតាមបណ្តាវិទ្យាល័យ, វិទ្យាស្ថាន និងសាធារណជនមួយចំនួនទៀត។
គោលបំណងនៃសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹង ពីអត្ថប្រយោជន៍របស់ផលិតផលធានារ៉ាប់រងអាយុជីវិត ឱ្យបានកាន់តែទូលំទូលាយដល់សាធារណជន នៅក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាតួនាទី និងភារកិច្ចរបស់ (ន.ធ.ក.) ក្នុងការការពារផលប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធារណជនលើការប្រើប្រាស់សេវាធានារ៉ាប់រង។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងថា វិស័យធានារ៉ាប់រង គឺជាវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ ដែលបាននឹងកំពុងដើរតួនាទី ជាសមាសភាគមួយដ៏សំខាន់ ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ។ ជាមួយនឹងស្ថិរភាពនយោបាយ ព្រមទាំងកំណើនសេដ្ឋកិច្ចដែលកម្ពុជារក្សាបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការបន្តដឹកនាំដោយថាមពលរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយមានការចង្អុលបង្ហាញជាប្រចាំរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ បានធ្វើឱ្យទីផ្សារធានារ៉ាប់រងកម្ពុជា រីចម្រើនយ៉ាងឆាប់រហ័ស ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
លោកអគ្គនាយក (ន.ធ.ក.) បានបន្តថា ដើម្បីជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជាបន្ថែមទៀត ប្រកបដោយចីរភាព កាលពីឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់យន្តការស្ថាប័ន ដោយបង្កើតនិយ័តករធានារ៉ាប់រងកម្ពុជា នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដែលជាស្ថាប័នថ្មីមួយ ដើរតួនាទីជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា។
លោកបន្ថែមថា ទន្ទឹមនឹងនោះ និយ័តករធានារ៉ាប់រងកម្ពុជា ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២១-២០៣០ ដើម្បីកំណត់ផែនទីចង្អុលផ្លូវ សម្រាប់អភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។
លោកសង្ឃឹមថាសិក្ខាកាមនេះ នឹងទទួលបាននូវចំណេះដឹងកាន់តែច្បាស់ អំពីសេវាធានារ៉ាប់រង ជាពិសេស ការធានារ៉ាប់រងអាយុជីវិត និងអាចធ្វើការចូលរួមអភិវឌ្ឍន៍ វិស័យធានារ៉ាប់រង តាមរយៈការជួយផ្សព្វផ្សាយពីចំណេះដឹងទាំងនេះ ទៅកាន់សាធារណជនផ្សេងទៀត ហើយក៏សង្ឃឹមយ៉ាងមុតមាំថា មន្ត្រីជំនាញនឹងធ្វើបទបង្ហាញ ក៏ដូចជាពន្យល់ឱ្យបានពិស្តារ និងច្បាស់លាស់ ពាក់ព័ន្ធនឹងប្រធានបទ ដែលមានកំណត់ក្នុងកម្មវិធី។
គួរជម្រាបជូនថា ទីផ្សារធានារ៉ាប់រងកម្ពុជាបាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ២០%។ បច្ចុប្បន្នទំហំទីផ្សារធានារ៉ាប់រង កើនឡើងដល់ប្រមាណ ៣៧០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤។ ទំហំទីផ្សារនេះ បានរួមភាគទានក្នុងសេដ្ឋកិច្ចកម្ពុជា តែប្រមាណ១.១៧% ហើយដង់ស៊ីតេធានារ៉ាប់រង មានតែ២២ដុល្លារអាមេរិក/សម្រាប់មនុស្សម្នាក់ ដែលអត្រានេះ នៅមានកម្រិតទាប បើធៀបនឹងប្រទេសក្នុងតំបន់ និងសកលលោក។ សូចនាករទាំងនេះ អាចបញ្ជាក់បានថា ការអភិវឌ្ឍនៃវិស័យធានារ៉ាប់រងកម្ពុជា នៅមានបញ្ហាប្រឈមមួយចំនួន ដែលបញ្ហាប្រឈមធំ គឺកង្វះការយល់ដឹងរបស់សាធារណជន អំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង ចំពោះបុគ្គលម្នាក់ៗ គ្រួសារនីមួយៗ និងសង្គមជាតិទាំងមូល៕