(បាងកក)៖ កាលពីថ្ងៃពុធ ទី៤ ខែមិថុនា ប្រមុខកងទ័ពអាកាសនៃប្រទេសថៃ បានឱ្យដឹងថា ថៃមានផែនការទិញយន្តហោះចម្បាំង Gripen JAS 39 ចំនួន១២គ្រឿង ពីក្រុមហ៊ុនស៊ុយអែត SAAB ក្នុងរយៈពេល១០ឆ្នាំ ដើម្បីយកមកជំនួសយន្តហោះចម្បាំងចាស់ៗ ដែលភាគច្រើនជាយន្តហោះផលិតដោយអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សព្វថ្ងៃ យន្តហោះចម្បាំងរាប់សិបគ្រឿងរបស់ប្រទេសថៃ គឺភាគច្រើនជា F-16 និង F-5 ដែលខ្លះបានធ្វើប្រតិបត្តិការ ចាប់តាំងតែពី​ចុងទសវត្សរ៍ឆ្នាំ១៩៨០មកម្ល៉េះ។ ក្រៅពីនេះ ថៃក៏មានយន្តហោះចម្បាំង JAS 39 Gripen ស្រាប់១១គ្រឿងផងដែរ។ ថវិកាចំនួន ១៩.៥ពាន់លានបាត ឬស្មើនឹងជិត៦០០លានដុល្លារ ត្រូវបានកំណត់សម្រាប់ការទិញយន្តហោះ Gripen ៤គ្រឿង ក្នុងដំណាក់កាលដំបូង ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ កងទ័ពអាកាសថៃ គ្រោងបញ្ជូនផែនការនេះ ឱ្យទៅគណៈរដ្ឋមន្រ្តីអនុម័ត នាខែក្រោយ ហើយ​ប្រសិនបើទទួលបានភ្លើងបៃតង ការចុះកិច្ចសន្យាអាចនឹងធ្វើឡើង នៅខែសីហា។

គួរបញ្ជាក់ថា ថៃដែលជាប្រទេសមានកិច្ចសហប្រតិបត្តិការយោធាយូរអង្វែង ជាមួយសហរដ្ឋអាមេរិក ដំបូងឡើយបានព្យាយាមចង់​ទិញយន្តហោះចម្បាំងបំបាំងកាយស៊េថ្មីបំផុតមួយ គឺ F-35 ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ចំនួន៨គ្រឿង ប៉ុន្តែត្រូវបានទីក្រុងវ៉ាស៉ីនតោនបដិសេធកាលពីឆ្នាំ២០២៣។ យន្តហោះ F-35 ត្រូវបានចាត់ទុកជា សព្វាវុធនាំចេញដ៏ពិសេសមួយ ដែលអាមេរិកលក់ទៅឱ្យតែសម្ព័ន្ធមិត្តជិតស្និទ្ធខ្លាំងបំផុតរបស់ខ្លួនប៉ុណ្ណោះ ដែលនៅតំបន់ឥណ្ឌូប៉ាស៉ីហ្វិក រួមមានដូចជាអូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម៕