(វ៉ាស៉ីនតោន)៖ តំណាងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តនៅសហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានការចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយការហាមឃាត់របស់ចិន លើការនាំចេញរ៉ែកម្រ ជាមួយនិងការព្រមានថាបញ្ហានេះ អាចរំខានដល់ការផលិតគ្រឿងបន្លាស់រថយន្ត យ៉ាងឆាប់រហ័ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ ២០២៥។

ចិន រួមចំណែកជាង ៩០ភាគរយនៃសមត្ថភាពកែច្នៃរ៉ែកម្រជាសកល សម្រាប់ប្រើប្រាស់ក្នុងអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីរថយន្ត យន្តហោះចម្បាំង រហូតដល់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ ការដាក់កំហិតនៅដើមខែមេសា តម្រូវឱ្យអ្នកនាំចេញរ៉ែកម្រ មានអាជ្ញាប័ណ្ណពីទីក្រុងប៉េកាំង ដោយនៅពេលនោះសហរដ្ឋអាមេរិក ជាអ្នកដាក់ពន្ធលើការនាំចូលរបស់ចិនមុន។

MEMA ដែលជាសមាគមក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តមួយនៅអាមេរិក បានលើកឡើងថា «ក្រុមហ៊ុនមួយចំនួន កំពុងប្រឈមមុខនឹងហានិភ័យនៃខ្សែចង្វាក់ផ្គត់ផ្គង់។ ស្ថានភាពនៅតែមិនអាចដោះស្រាយបាន ហើយក្តីបារម្ភចេះតែកើនឡើង។ មានតម្រូវការសកម្មភាពជាបន្ទាន់ ដើម្បីទប់ស្កាត់ការរំខានទូលំទូលាយ និងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចទូទាំងវិស័យផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត»

គួរបញ្ជាក់ថា ក្រុមហ៊ុន​រថយន្តរបស់អាមេរិក បាននិងកំពុងរងផលប៉ះពាល់​​រួច​ទៅ​ហើយពី​ការ​រឹត​បន្តឹង​នេះ តួយ៉ាង Ford បានបញ្ឈប់ការផលិតរថយន្តប្រភេទ Explorer SUV នៅឯរោងចក្រ Chicago កាលពីខែឧសភា។ ជុំវិញការអំពាវនាវនេះ សេតវិមាននៅមិនទាន់មានការអត្ថាធិប្បាយនៅឡើយទេ៕