(កូប៉ិនហាក)៖ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ថា ប្រទេសដាណឺម៉ាកនឹងមិនព្រមចុះចាញ់នឹងសម្ពាធ «ដែលមិនអាចទទួលយកបាន» ពីសហរដ្ឋអាមេរិក ទាក់ទងនឹងការគ្រប់គ្រងលើដែនដី Greenland ដែលមានស្វ័យភាពពាក់កណ្តាលនោះទេ ដោយព្រមានថា សិទ្ធិសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជន Greenland កំពុងស្ថិតក្នុងហានិភ័យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងក្នុងសុន្ទរកថាសម្រាប់ទិវាជាតិដាណឺម៉ាក លោកស្រី Frederiksen បានមានប្រសាសន៍ថា «ប៉ុន្មានខែថ្មីៗនេះ Greenland និងដាណឺម៉ាក បានទទួលរងសម្ពាធដែលមិនអាចទទួលយកបានពីសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់យើង (សហរដ្ឋអាមេរិក)»។ លោកស្រីបានបន្ថែមថា គោលការណ៍ជាមូលដ្ឋានក្នុងទំនាក់ទំនងឆ្លងអាត្លង់ទិក ដូចជាអធិបតេយ្យភាពជាតិ ការគោរពព្រំដែន និងសិទ្ធិសម្រេចដោយខ្លួនឯងរបស់ប្រជាជន កំពុងស្ថិតក្នុងគ្រោះថ្នាក់។ «ប៉ុន្តែយើងមិនព្រមឱនក្បាលទេ... យើងជនជាតិដាណឺម៉ាកមិនធ្វើបែបនោះទេ»។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញពីបំណងចង់ឲ្យសហរដ្ឋអាមេរិកគ្រប់គ្រងកោះអាកទិកនេះ ដែលសម្បូរដោយធនធានរ៉ែ និងមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រ ដោយមិនបានបដិសេធការប្រើកម្លាំង។ កាលពីខែមីនា អនុប្រធានាធិបតីអាមេរិក លោក JD Vance ក្នុងដំណើរទស្សនកិច្ចទៅកាន់ Greenland ក៏បានចោទដាណឺម៉ាកថា មិនបានបំពេញការងារល្អក្នុងការធានាសន្តិសុខនៅ Greenland ហើយថាសហរដ្ឋអាមេរិកអាចការពារដែនដីនេះបានល្អជាង។

មេដឹកនាំដាណឺម៉ាក និង Greenland បានបញ្ជាក់ថា មានតែប្រជាជន Greenland ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ខ្លួន ហើយរដ្ឋធម្មនុញ្ញដាណឺម៉ាកផ្តល់សិទ្ធិឲ្យកោះនេះស្វែងរកឯករាជ្យ។ កាលពីចុងខែមេសា ព្រះមហាក្សត្រដាណឺម៉ាក Frederik ក៏បានយាងទៅទស្សនកិច្ចនៅ Greenland ផងដែរ ដែលជាការបង្ហាញពីសាមគ្គីភាព។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឆ្នាំ ១៩៥១ រវាងអាមេរិក និងដាណឺម៉ាក ផ្តល់សិទ្ធិឲ្យអាមេរិកបង្កើតមូលដ្ឋានយោធានៅ Greenland។ កោះនេះមានធនធានរ៉ែ ប្រេង និងឧស្ម័នច្រើន ប៉ុន្តែការអភិវឌ្ឍមានភាពយឺតយ៉ាវ។ ការប្រកាសជំហរដ៏ម៉ឺងម៉ាត់របស់នាយករដ្ឋមន្ត្រីដាណឺម៉ាក បានឆ្លុះបញ្ចាំងពីភាពតានតឹងផ្នែកការទូតដែលកំពុងកើនឡើង រវាងសម្ព័ន្ធមិត្តណាតូទាំងពីរ ជុំវិញអនាគតរបស់ Greenland៕