(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា បានដាក់ទណ្ឌកម្មលើចៅក្រម៤រូបរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជាការសងសឹក មួយទៅនឹងតុលាការមួយនេះបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងការសម្រេចចិត្តមួយពាក់ព័ន្ធនឹងការបើកសំណុំរឿងលើបទចោទប្រកាន់ពី ឧក្រិដ្ឋកម្មសង្រ្គាមប្រព្រឹត្តដោយកងទ័ពអាមេរិកក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ចៅក្រម ICC ទាំង៤នាក់ដែលត្រូវបានរដ្ឋបាលលោក ត្រាំ ដាក់ទណ្ឌកម្មរួមមានលោកស្រី Solomy Balungi Bossa , លោកស្រី Luz del Carmen Ibanez Carranza, លោកស្រី Reine Adelaide Sophie Alapini Gansou និងលោកស្រី Beti Hohler។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា «ក្នុងនាមជាចៅក្រម ICC បុគ្គលទាំង៤រូបនេះបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពខុសច្បាប់ និងគ្មានមូលដ្ឋានរបស់ ICC ដោយកំណត់គោលដៅលើអាមេរិក និងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់យើងគឺអ៉ីស្រាអែល»។
ប្រមុខការទូតអាមេរិករូបនេះក៏បានបរិហារដែរថា ICC ត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយដើម្បីចោទប្រកាន់ និងកាត់ទោសជនជាតិអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង។ ប៉ុន្តែ ICC បានថ្កោលទោសទណ្ឌកម្មរបស់អាមេរិក ហើយថានេះជាការប៉ុនប៉ងបំផ្លាញឯករាជ្យភាពរបស់ស្ថាប័នយុត្តិធម៌អន្តរជាតិ។
គួរបញ្ជាក់ថា នៅក្រោមទណ្ឌកម្មខាងលើ ទ្រព្យសម្បត្តិ និងអចលនទ្រព្យរបស់ចៅក្រម ICC ដែលតម្កល់ ឬមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនឹងត្រូវបានបិទខ្ទប់ ហើយពលរដ្ឋ ឬក្រុមហ៊ុនអាមេរិកក៏ត្រូវបានហាមឃាត់ពីការធ្វើកិច្ចព្រមព្រៀងជាមួយពួកគេផងដែរ។