(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា បានទទួលស្គាល់ថាអ៉ីស្រាអែលពិតជាកំពុងបំពាក់អាវុធដល់ក្រុមកុលសម្ព័ន្ធ នៅក្នុងតំបន់ហ្កាហ្សាដែលប្រឆាំងនឹងក្រុមហាម៉ាស ដើម្បីបំផ្លាញអំណាចគ្រប់គ្រងរបស់ហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
ការទទួលស្គាល់របស់លោក Netanyahu កើតមានឡើងបន្ទាប់ពីលោក Avigdor Lieberman ជាមេដឹកនាំគណបក្ស Yisrael Beiteinu ជាបក្សប្រឆាំងមួយនៅអ៉ីស្រាអែល បាននិយាយកាលពី ថ្ងៃព្រហស្បតិ៍ថាអ៉ីស្រាអែលកំពុងផ្ដល់អាវុធដល់ក្រុមឧក្រិដ្ឋជនមួយ ដើម្បីឱ្យពួកគេប្រឆាំងនឹងក្រុមហាម៉ាស។ ប៉ុន្មានម៉ោងក្រោយការលើកឡើងរបស់លោក Lieberman លោក Netanyahu បាននិយាយថាអ៉ីស្រាអែលពិតជាកំពុងប្រើប្រាស់កុលសម្ព័ន្ធមួយនៅក្នុងតំបន់ហ្កាហ្សាដើម្បីប្រឆាំងហាម៉ាសពិតមែន។ «តើវាមានអ្វីខុសទៅ? វាជាមធ្យោបាយដ៏ល្អ ពីព្រោះវាជួយសង្រ្គោះអាយុជីវិត ទាហានអ៉ីស្រាអែល»។ នេះជាការលើកឡើងរបស់លោក Netanyahu ដោយបន្ថែមថាអ៉ីស្រាអែលកំពុងព្យាយាមវាយបំបាក់ហាម៉ាសដោយប្រើប្រាស់គ្រប់មធ្យោបាយ និងទទួលយកអនុសាសន៍ពី ប្រមុខស្ថាប័នសន្តិសុខទាំងអស់។
គួរបញ្ជាក់ថា មន្ត្រីអ៉ីស្រាអែលម្នាក់បានប្រាប់ AP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាកុលសម្ព័ន្ធដែលលោក Netanyahu ចង់សំដៅ នោះគឺកុលសម្ព័ន្ធមានឈ្មោះថាកងកម្លាំងប្រជាជន ឬ Popular Forces ដឹកនាំដោយបុរសម្នាក់មានឈ្មោះថា Yasser Abu Shabab ដែលជាមេកុលសម្ព័ន្ធមួយក្នុងទីក្រុង Rafah នៃភាគខាងត្បូងតំបន់ហ្កាហ្សា។ កុលសម្ព័ន្ធមួយនេះត្រូវបានក្រុមមន្ត្រីហ្កាហ្សា និងក្រុមអ្នកផ្ដល់ជំនួយមនុស្សធម៌ ចោទប្រកាន់ថាបានធ្វើសកម្មភាពវាយប្រហារ និងលួចប្លន់ជំនួយ៕