(តេហេរ៉ង់)៖ នៅថ្ងៃសៅរ៍ ទី៧ ខែមិថុនា អ៉ីរ៉ង់បានរិះគន់បម្រាមធ្វើដំណើររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើប្រទេសជាង១០ រួមមានទាំងអ៉ីរ៉ង់ ដោយនិយាយថា វាស្តែងឱ្យឃើញនូវអរិភាពយ៉ាងស៉ីជម្រៅ ចំពោះជនជាតិអ៉ីរ៉ង់និងមូស្លីម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអ៉ីរ៉ង់ បាននិយាយថា «ការសម្រេចចិត្តហាមឃាត់ជនជាតិអ៉ីរ៉ង់ មិនឱ្យចូលសហរដ្ឋអាមេរិក គ្រាន់តែដោយសារសាសនានិងសញ្ជាតិរបស់ពួកគេ មិនត្រឹមបង្ហាញឱ្យឃើញនូវអរិភាពយ៉ាងជ្រៅរបស់រដ្ឋាភិបាលអាមេរិក ចំពោះ​ប្រជាជនអ៉ីរ៉ង់និងជនមូស្លីមប៉ុណ្ណោះទេ តែក៏បំពានច្បាប់អន្តរជាតិផងដែរ»។

សេចក្តីប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះ របស់លោក ត្រាំ ​នឹងហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន១២ ចាប់ផ្តើមពីថ្ងៃចន្ទសប្តាហ៍ក្រោយតទៅ។ ប្រទេសទាំងនោះ រួមមានអាហ្វហ្កានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីត្រេ ហៃទី អ៉ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។

គួរបញ្ជាក់ថា បម្រាមខាងលើដែលលោក ត្រាំ អះអាងថា​ ចាំបាច់ដើម្បីការពារប្រឆាំង «ភេរវករបរទេស» ធ្វើឱ្យគេនឹកឃើញដល់ ចំណាត់ការស្រដៀងគ្នាមួយ ដែលរូបលោកបានអនុវត្ត កាលពីអំឡុងអាណត្តិទី១របស់លោក ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ គឺនៅពេលដែលលោក ត្រាំ បានដាក់បម្រាមលើអ្នកដំណើរមកពីប្រទេសមូស្លីមចំនួន៧៕