(ប៉េកាំង)៖ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ប្រទេសចិននិងអាមេរិកជាអង្គភាពសេដ្ឋកិច្ចធំបំផុតទាំងពីរ លើពិភពលោក ហើយទំនាក់ទំនងនៃប្រទេសទាំងពីរជាទំនាក់ទំនងដ៏សំខាន់បំផុត ដែលមិនអាចខ្វះបាន មិនថាក្នុងវិស័យការទូតឬវិស័យសេដ្ឋកិច្ចនោះឡើយ ។ អាស្រ័យហេតុនេះ គេអាចនិយាយបានថា ទំនាក់ទំនងរវាងចិននិងអាមេរិកល្អឬមិនល្អ វាពាក់ព័ន្ធផ្ទាល់ដល់ជោគវាសនានិងទិសដៅអភិវឌ្ឍន៍របស់ពិភពលោក ។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតែងលើកឡើងថា «ភពផែនដីនេះធំទូលាយណាស់ ដែលធំគ្រប់គ្រាន់អាចឱ្យចិននិងអាមេរិក រួមរស់ជាមួយគ្នាដោយសុខដុមរមនាបាន ហើយក៏ល្មមគ្រប់គ្រាន់សម្រាប់ឱ្យចិននិងអាមេរិក ធ្វើការអភិវឌ្ឍរួមនិងជំរុញវិបុលភាពរៀងៗខ្លួន ។» ការលើកឡើងបែបនេះ គឺបង្ហាញពីបេះដូងធំទូលាយនិងទឹកចិត្តស្មោះស្មើ របស់ប្រទេសចិនដែលរីករាយរាប់អានជាមួយមិត្តភក្តិជុំវិញពិភពលោក និងបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំ ដែលគិតគូរពីផលប្រយោជន៍រួមរបស់មនុស្សជាតិ ។
យ៉ាងណាមិញ គេសង្កេតឃើញថា មិនថារដ្ឋាភិបាលអាណត្តិណារបស់អាមេរិកនោះទេ គឺតែងតែរករឿងបង្កជម្លោះជាមួយចិន ក្រោមលេសផ្សេងៗ ពិសេសក្នុងអាណត្តិទី ១ របស់លោក ត្រាំ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានផ្ទុះឡើងដោយសារតែ ល្បែងផលបូកសូន្យនិងគោលនយោបាយ «អាមេរិកជាអាទិភាព» របស់លោក ត្រាំ ។ លោក ត្រាំ ដែលមានប្រវត្តិជាអ្នកជំនួញ តែងគិតគូរពីផលប្រយោជន៍របស់ខ្លួនជាអាទិភាព ដោយមិនខ្វល់ពីការអភិវឌ្ឍរួមឬផលប្រយោជន៍ឈ្នះ-ឈ្នះនោះទេ ។ អ្វីដែលកាន់តែបង្ហាញពីមហិច្ឆតាអនុវត្តភាពរបស់លោក ត្រាំ គឺក្នុងតំណែងជាប្រធានាធិបតីអាណត្តិទី ២ លោកបានដាក់ចេញ គោលនយោបាយ«ពន្ធគយបដិការ» ដោយអះអាងថា ប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់អាមេរិក ក្នុងនោះបូករួមទាំង សម្ព័ន្ធមិត្តដ៏ស្និទ្ធរបស់អាមេរិកផង បាន «កេងចំណេញ» ផលប្រយោជន៍យ៉ាងច្រើនពីអាមេរិក ដូច្នេះត្រូវយកពន្ធគយខ្ពស់ដើម្បីរក្សា «តុល្យភាព» ខាងពាណិជ្ជកម្ម ។
ក្នុងបរិបទដែលប្រទេសជាច្រើនលើពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍តិចតួច កំពុងខិតខំស្វែងរកការលើកលែងពន្ធ ដើម្បីសម្រាលបន្ទុករបស់សហគ្រាសនាំចូលនៃប្រទេសខ្លួន និងផ្តល់ផលប្រយោជន៍ជូន អ្នកប្រើប្រាស់ក្នុងស្រុកតាមរយៈការផ្គត់ផ្គង់ទំនិញនាំចូលដែលមានតម្លៃថោកសមរម្យ បែរជាមានការដំឡើងពន្ធគយដ៏ខ្ពស់ ខុសទំនងរបស់អាមេរិក ដែលហាក់បីដូចជាការយកព្រនង់ដ៏ធំមួយទៅវាយបំផ្លាញ សមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ដ៏លំបាកលំបិនអស់កាលជាយូររបស់បណ្តាប្រទេសនានា និងបង្កជាការរារាំងយ៉ាងខ្លាំងចំពោះការជំរុញពាណិជ្ជកម្មសេរី និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលជាបំណងប្រាថ្នារួមរបស់សហគមន៍អន្តរជាតិ ។
មិនថាសង្គ្រាមពាណិជ្ជកម្មឬសង្គ្រាមពន្ធគយ មិនថាសំដៅចំពោះតែប្រទេសចិនឬប្រទេសដទៃទៀត វាមិនបាននាំមកនូវផលប្រយោជន៍អ្វី សម្រាប់ពិភពលោកនោះទេ ហើយអាមេរិកខ្លួនឯងក៏ប្រឈមនឹង បញ្ហាដែលបណ្តាលមកពីគោលនយោបាយរបស់ខ្លួនដែលមានចរិតរើសអើងផងដែរ ។ បញ្ហាដូចជាអតិផរណាខ្ពស់ អត្រាបាត់បង់ការងារខ្ពស់ និងថ្លៃទំនិញខ្ពស់ជាដើមបាននិងកំពុងគំរាមកំហែងដល់ ជីវភាពរបស់ពលរដ្ឋរាប់ម៉ឺនរាប់សែនគ្រួសារ ក្នុងសង្គមអាមេរិក ។ ពិសេសកសិករអាមេរិកដែលពឹងផ្អែកលើចំណូលខាងការនាំចេញ ផលិតផលកសិផលរបស់ពួកគាត់ ត្រូវបានជាប់គាំងដោយសារគ្មានអ្នកបញ្ជាទិញ។
រដ្ឋាភិបាលចិនបានបង្ហាញជំហរជាច្រើនលើកច្រើនសាថា បើអាមេរិកចង់ធ្វើសង្គ្រាមពាណិជ្ជកម្មឬសង្គ្រាមពន្ធគយ ចិននឹងកំដរដល់ទីបញ្ចប់ តែបើចង់ចរចា នោះទ្វារចរចារបស់ប្រទេសចិនគឺបើកចំហជានិច្ច ។ ហេតុនេះ បន្ទាប់ពីមានការស្នើពីភាគីអាមេរិក តំណាងជាន់ខ្ពស់របស់ប្រទេសទាំងពីរចិននិងអាមេរិក បានធ្វើកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្រុងហ្សឺណែវប្រទេសស្វ៊ីសកាលពីថ្ងៃទី ១០ និង ១១ ខែឧសភាកន្លងទៅ ដោយទទួលបានលទ្ធផលជា ផ្លែផ្កាមួយចំនួន ពិសេសគឺការផ្អាកដំឡើងពន្ធគយទៅវិញទៅមករយៈពេល ៩០ ថ្ងៃ ។ ពិតណាស់ នេះជាដំណឹងល្អមួយ សម្រាប់ប្រទេសទាំងពីរនិងពិភពលោក ។ ក៏ប៉ុន្តែ ក្នុងខណៈពេលដែលប្រទេសចិនបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់តាមកិច្ចព្រមព្រៀងទ្វេភាគី ចំណែកឯអាមេរិកម្ខាងនិយាយថាអនុវត្តតាមកិច្ចព្រមព្រៀង ម្ខាងទៀតបែរជាដាក់ចេញគោលនយោបាយអវិជ្ជមានមួយចំនួន ដើម្បីដាក់កំហិតចំពោះប្រទេសចិន ។
យើងអាចចោទជាសំណួរថា តើក្រៅពីការបង្កសង្គ្រាមបំផ្លិចបំផ្លាញនៅប្រទេសមួយចំនួន ក្រៅពីការសម្លុតកំហែងដើម្បីរក្សាអនុវត្តភាព ក្រៅពីការដាក់ទណ្ឌកម្មនិងគាបសង្កត់ ក្រៅពីការដំឡើងពន្ធគយនិងធ្វើសង្គ្រាមពាណិជ្ជកម្ម ។ល។ តើអាមេរិកបាននាំមក នូវផលប្រយោជន៍អ្វីខ្លះជូនពិភពលោក ? យើងក៏អាចរំពឹងគិតថា ប្រសិនជាអាមេរិកអាចលើកឡើងគំនិតផ្តួចផ្តើម ដែលមានអំណោយផលដល់ការអភិវឌ្ឍ ស្ថិរភាព សន្តិសុខ និងវិបុលភាពរបស់ពិភពលោកដូចជាគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល , គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ពិសេសគំនិតកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិរបស់ចិន នោះពិភពលោកប្រាកដជានឹងកាន់តែល្អបវរជាមិនខាន។
និម្មាបនកម្មពិភពលោកកាន់តែស្មុគស្មាញ គឺកាន់តែត្រូវការកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ កាន់តែត្រូវការសាមគ្គីភាពដើម្បីឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍រួម ។ តើប្រទេសធំទាំងពីរចិននិងអាមេរិក គួរធ្វើបែបណាដើម្បីថែរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងមានអំណោយផលដល់ពិភពលោក ? លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់រួចហើយ នៅក្នុងកិច្ចជំនួបតាមទូរស័ព្ទកាលពីយប់ថ្ងៃទី ៥ ខែមិថុនាកន្លងទៅនេះជាមួយលោក ត្រាំ ប្រធានាធិបតីអាមេរិកថា «យោងតាមការស្នើឡើងរបស់សហរដ្ឋអាមេរិក ប្រធានក្រុមការងារសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានធ្វើកិច្ចពិភាក្សាការងារនៅក្រុងហ្សឺណែវប្រទេសស្វ៊ីស ប្រកបដោយផ្លែផ្កាដែលទទួលបានការស្វាគមន៍យ៉ាងទូលំទូលាយ ពីមជ្ឈដ្ឋាននានារបស់ប្រទេសទាំងពីរនិងសហគមន៍អន្តរជាតិ ប្រការនេះបានបញ្ជាក់ថា កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ គឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់»៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន