(​វ៉ាស៊ីនតោន)៖ ក្រុមអាជ្ញាធរនៅក្នុងសហរដ្ឋអាមេរិក បានពង្រីកប្រតិបត្តិការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ ក្នុងទីក្រុង Los Angeles នៃរដ្ឋ California សម្រាប់ថ្ងៃទី២ បន្ទាប់ពីមាន ការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនៅឯមន្ទីរឃុំឃាំងមួយកន្លែង ដោយបង្ខំឱ្យប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមមន្ត្រីសន្តិសុខអាមេរិក កាលពីថ្ងៃសៅរ៍ ទី៧ ខែមិថុនា បានប្រឈមមុខដ៏តានតឹងជាមួយក្រុមបាតុករ ក្នុងតំបន់ Paramount នៃទីក្រុង Los Angeles ជាទីដែលក្រុមបាតុករមួយចំនួន បានគ្រវីទង់ជាតិម៉ិកស៊ិក និងអ្នកខ្លះពាក់ម៉ាសបិទមុខការពារឧស្ម័នបង្ហូរទឹកភ្នែក។ បាតុកម្មបានផ្ទុះឡើងដំបូងកាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ក្រោយទីភ្នាក់អនុវត្តច្បាប់ខាងគយ និងអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ហៅកាត់ថា ICE បានដឹកនាំប្រតិបត្តិការអនុវត្តច្បាប់នៅទីក្រុង Los Angeles និងបានឃាត់ខ្លួនមនុស្សយ៉ាងហោច ៤៤នាក់ ដោយចោទប្រកាន់ថា បានបំពានច្បាប់អន្តោប្រវេសន៍។

នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានឱ្យដឹងដែរថាកុបករប្រហែល ១០០០នាក់ បានឡោមព័ទ្ធអគាររបស់ ICE ហើយបានវាយប្រហារលើ បុគ្គលិករបស់ទីភ្នាក់ងារមួយនេះ ខណៈមន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់បាននិយាយថាបាតុកម្មតវ៉ាកាលពីយប់ថ្ងៃសុក្រកន្លងទៅ គឺជាសកម្មភាពបះបោរប្រឆាំងច្បាប់ និងអធិបតេយ្យរបស់ សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថានឹងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅតាមបណ្ដោយព្រំដែនជាប់ជាមួយ ម៉ិកស៉ិក ដោយសេតវិមានបានកំណត់គោលដៅមួយឱ្យទីភ្នាក់ងារ ICE ឃាត់ខ្លួនជនអន្តោប្រវេសន៍យ៉ាងហោច ៣០០០នាក់ ក្នុងមួយថ្ងៃ៕