(NEW JERSEY)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ ទី៧ ខែមិថុនា បាននិយាយថាទំនាក់ទំនងរបស់លោកជាមួយមហាសេដ្ឋី លោក Elon Musk បានដល់ទីបញ្ចប់ហើយ និងបានព្រមានពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើលោក Musk គាំទ្រហិរញ្ញវត្ថុដល់បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណតិ្តនៅឆ្នាំ២០២៦ខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ ធ្វើការព្រមានបែបនេះក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មាន NBC News។ នៅពេលត្រូវបានសាកសួរថាតើលោកគិតថាទំនាក់ទំនងរបស់លោកជាមួយ CEO ក្រុមហ៊ុម Tesla និង SpaceX លោក Elon Musk បានដល់ទីបញ្ចប់ហើយឬ? លោក ត្រាំ បានឆ្លើយដោយគ្មានស្ទាក់ស្ទើរថា «ពិតណាស់ វាដល់ទីបញ្ចប់ហើយ»។ នៅពេលត្រូវបានសួរបន្តថារូបលោកមានបំណង ស្ដារទំនាក់ទំនងឡើងវិញជាមួយមហាសេដ្ឋីរូបនេះដែរឬទេ? លោក ត្រាំ បាននិយាយថាលោកមិនមានបំណងជួសជុលទំនាក់ទំនងឡើងវិញនោះទេ។ «ខ្ញុំគ្មានបំណងជជែកជាមួយគាត់ ឡើយ (Elon Musk)»។
តែទោះជាបែបនេះក្ដី លោក ត្រាំ បាននិយាយថាលោកមិនគិតនោះទេអំពីការផ្ដាច់កុងត្រារបស់សហរដ្ឋអាមេរិកជាមួយក្រុមហ៊ុន StarLink ឬក្រុមហ៊ុន SpaceX របស់លោក Musk ។ ម្យ៉ាង លោក ត្រាំ បានបដិសេធឆ្លើយដោយមិនបញ្ជាក់ថាតើអ្វីទៅជាផលវិបាកដែលលោកបានព្រមានទៅកាន់លោក Musk នោះឡើយ?
គួរបញ្ជាក់ថា លោក ត្រាំ និងលោក Musk បានផ្ទុះជម្លោះពាក្យសម្ដីនឹងគ្នាដ៏តានតឹងកាលពីប៉ុន្មានកន្លងទៅនេះ ជាពិសេសក្រោយលោក Musk បានរិះគន់ខ្លាំងៗលើគោលនយោបាយពន្ធ និងសេចក្ដីព្រាងច្បាប់កញ្ចប់ថវិការបស់លោក ត្រាំ៕