(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិក និងចិន គ្រោងនឹងជួបគ្នានៅទីក្រុងឡុងដ៍នៅថ្ងៃចន្ទ សម្រាប់កិច្ចពិភាក្សាដែលមានគោលបំណងដោះស្រាយជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរ ដែលបានធ្វើឲ្យទីផ្សារពិភពលោករង្គោះរង្គើ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា គណៈប្រតិភូអាមេរិកដែលនឹងរួមមាន រដ្ឋមន្ត្រីរតនាគារ លោក Scott Bessent, រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick និងអ្នកតំណាងពាណិជ្ជកម្ម លោក Jamieson Greer។ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី លោក He Lifeng នឹងដឹកនាំគណៈប្រតិភូចិន។ កិច្ចចរចានេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ដែលមេដឹកនាំទាំងពីរបានព្រមព្រៀងឲ្យក្រុមការងាររៀងៗខ្លួនធ្វើការពិភាក្សាបន្ត។

ភាគីទាំងពីរស្ថិតក្រោមកកិច្ចព្រមព្រៀងផ្អាកបណ្តោះអាសន្ននូវវិធានការពន្ធរយៈពេល ៩០ថ្ងៃ កាលពីថ្ងៃទី១២ ខែឧសភា នៅទីក្រុងហ្សឺណែវ។ កិច្ចព្រមព្រៀងនោះ បានជំរុញឲ្យមានការស្ទុះឡើងវិញនៃទីផ្សារភាគហ៊ុនសកល ដោយសន្ទស្សន៍ S&P 500 របស់អាមេរិក ដែលធ្លាប់ធ្លាក់ចុះជិត ១៨% ក្នុងខែមេសា បានស្ទុះងើបឡើងវិញស្ទើរតែទាំងអស់។

ទោះជាយ៉ាងណា កិច្ចព្រមព្រៀង​នោះ​មិន​បាន​ដោះស្រាយ​បញ្ហា​ធំៗ​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ​តានតឹង​ទេ។ ទន្ទឹម​គ្នា​នេះ ការ​រឹតបន្តឹង​របស់​ចិន​លើ​ការ​នាំចេញ​រ៉ែ​សំខាន់ៗ បន្ត​ដាក់​សម្ពាធ​លើ​សង្វាក់​ផ្គត់ផ្គង់​សកល។

វិធីសាស្ត្ររបស់លោក ត្រាំ ដែលតែងតែគំរាមដាក់ទណ្ឌកម្មហើយដកថយវិញនៅនាទីចុងក្រោយ បានបង្កភាពមិនច្បាស់លាស់ដល់មេដឹកនាំពិភពលោក និងធុរជន។ មន្ត្រីអាមេរិកជាច្រើននាក់ បានកំណត់ថាចិនជាគូប្រជែងភូមិសាស្ត្រនយោបាយកំពូលរបស់ខ្លួន ដែលមានសមត្ថភាពប្រកួតប្រជែងទាំងផ្នែកសេដ្ឋកិច្ច និងយោធា។

គួរបញ្ជាក់ថា វិនិយោគិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះលទ្ធផលនៃកិច្ចចរចានៅទីក្រុងឡុងដ៍ ដោយសង្ឃឹមថានឹងមានដំណោះស្រាយ ដើម្បីបញ្ចៀសការឡើងកម្តៅ នៃសង្គ្រាមពាណិជ្ជកម្ម ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល៕