(មូស្គូ)៖ ប្រទេសរុស្ស៊ី បានអះអាងពីការរុលទៅមុខផ្នែកយោធាថ្មីមួយទៀត​ នៅភាគខាងកើតអ៊ុយក្រែននៅថ្ងៃអាទិត្យនេះ ដោយកងកម្លាំងរបស់ខ្លួនបានទៅដល់ព្រំប្រទល់នៃតំបន់ Dnipropetrovsk។ ការកើនឡើងនៅលើសមរភូមិនេះ កើតឡើងស្របពេលដែលទីក្រុងមូស្គូ និងកៀវ កំពុងទាស់ទែងគ្នាជាសាធារណៈជុំវិញការប្រគល់សាកសពទាហានរាប់ម៉ឺននាក់។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​អះអាង​ថា កងពល​រថក្រោះ​ទី៩០ បាន​ទៅដល់​ព្រំដែន​ខាងលិច​តំបន់ Donetsk ហើយ​កំពុង​វាយប្រហារ​តំបន់ Dnipropetrovsk។ អ៊ុយក្រែន​ទទួលស្គាល់​ថា «សត្រូវ​មិន​បោះបង់​ចេតនា» ចូល​តំបន់​នេះ​ទេ ប៉ុន្តែ​កងកម្លាំង​ខ្លួន​កំពុង «ទប់ទល់​យ៉ាង​ក្លាហាន»។ លើស​ពី​នេះ អ្នកនាំពាក្យ​យោធា​អ៊ុយក្រែន លោក Dmytro Zaporozhets បាន​និយាយ​ថា រុស្ស៊ី​កំពុង​ព្យាយាម​បង្កើត «មូលដ្ឋាន​ឈរជើង​សម្រាប់​ការ​វាយលុក» មួយ​លើ​ក្រុង Kostyantynivka ដែល​ជា​មជ្ឈមណ្ឌល​ដឹក

ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​យ៉ាង​ខ្លាំងក្លា ហើយ​សូម្បីតែ​បញ្ហា​មនុស្សធម៌​ក៏​បាន​ក្លាយ​ជា​ជម្លោះ​ដែរ។ រុស្ស៊ី​បាន​ចោទ​អ៊ុយក្រែន​ថា​ពន្យារពេល​ការ​ប្រគល់​សាកសព​ទាហាន ១២,០០០ នាក់ ដែល​ជា​ការ​ចោទប្រកាន់​អ៊ុយក្រែន​បាន​បដិសេធ។ ភាព​ជាប់គាំង​នេះ​បាន​ធ្វើ​ឲ្យ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាត់បង់​ការ​អត់ធ្មត់ ដោយ​ប្រៀបធៀប​ជម្លោះ​នេះ​ទៅ​នឹង​ការ​ឈ្លោះ​គ្នា​របស់​ក្មេងៗ និង​ព្រមាន​ថា​អាច​នឹង​ដក​ខ្លួន​ចេញ​ពី​ការ​សម្រុះសម្រួល។

គួរបញ្ជាក់ថា ការរុលទៅមុខរបស់រុស្ស៊ីនៅលើសមរភូមិ និងការឈ្លោះប្រកែកគ្នា សូម្បីតែលើការប្រគល់សពអ្នកស្លាប់ បានបង្ហាញពីការឃ្លាតឆ្ងាយពីគ្នាកាន់តែខ្លាំងរវាងភាគីទាំងពីរ និងធ្វើឲ្យក្ដីសង្ឃឹមសម្រាប់សន្តិភាពកាន់តែពិបាក៕