(វ៉ាស៉ីនតោន)៖ កងទ័ពឆ្មាំជាតិរដ្ឋ California បានមកដល់ទីក្រុង Los Angeles ដើម្បីបង្ក្រាបបាតុកម្ម ប្រឆាំងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍របស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈអភិបាលរដ្ឋ California លោក Gavin Newsom និយាយថាដាក់ពង្រាយនេះគឺខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ ២០២៥។

លោក Newsom បានស្នើសុំឱ្យរដ្ឋបាលលោក ត្រាំ ដកបទបញ្ជាដាក់ពង្រាយកងទ័ពឆ្មាំជាតិចំនួន ២ ០០០នាក់នោះចេញវិញ និងបានចោទប្រកាន់លោក ត្រាំ ថាកំពុងធ្វើឱ្យមានវិបត្តិ បំពានលើអំណាចគ្រប់គ្រងរបស់រដ្ឋ California។ លោក​បាន​បង្ហោះសារលើបណ្តាញសង្គម X ដូច្នេះថា​ «​នេះ​ជា​ទង្វើ​របស់​ជនផ្តាច់ការ ​មិនមែន​ប្រធានាធិបតីនោះ​ទេ»​។

គួរបញ្ជាក់ថា បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ បានបន្តរយៈពេល ៣ថ្ងៃនៅក្នុងទីក្រុង Los Angeles ដោយឈានដល់ការប្រឈមមុខដាក់គ្នារវាងក្រុមបាតុករ និងប៉ូលិស។ ប៉ូលិសនៅទីក្រុង Los Angeles ចោទប្រកាន់ថាក្រុមបាតុករមួយចំនួន បានគប់ដុំថ្មបេតុង ដប និងវត្ថុផ្សេងៗទៀតមកលើប៉ូលិស ខណៈដែលការចាប់ខ្លួនកំពុងត្រូវបានអនុវត្ត៕